អភិបាល​ខេត្ត​កំពង់ស្ពឺ ​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​រថយន្ត​អគ្គិសនី​

​ អភិបាល​ នៃ​គណៈអភិបាល​ខេត្ត​កំពង់ស្ពឺ ​ឯកឧត្តម​បណ្ឌិត​ ​ជា​ម ​ច័ន្ទ​សោភ័ណ ​បាន​ជំរុញ​ ​និង​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ងាក​មក​ប្រើប្រាស់​រថយន្ត​ដែល​ដើរ​ដោយ​ថាមពល​កកើត​ឡើងវិញ​ ​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ថ្លៃ​ប្រេងសាំង ​លើកកម្ពស់​បរិស្ថាន​។

​ឯកឧត្តម​បណ្ឌិត​ ​ជា​ម ​ច័ន្ទ​សោភ័ណ ​បាន​ជំរុញ​លើកទឹកចិត្ត​បែប​នេះ​ ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​វិនិយោគិន​វិស័យ​ដំឡើង​ស្ថានីយ​ថាមពល​សាក​រថយន្ត​កាលពី​ព្រឹក​ថ្ងៃទី​១៣​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៅ​សាលា​ខេត្ត​កំពង់ស្ពឺ​។

​ឯកឧត្តម​ ​ ​បាន​លើកឡើង​ថា​ នយោបាយ​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​បរិស្ថាន ​បាន​និង​កំពុង​ជំរុញ​ចលនា​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ជំនួស​ឱ្យ​រថយន្ត​ដែល​ប្រើប្រាស់​ប្រេងឥន្ធនៈ​ ​ព្រោះថា​ រថយន្ត​អគ្គិសនី​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ជួយ​ដល់​បរិស្ថាន​តាមរយៈ​ការ​មិន​ ​បញ្ចេញ​ផ្សែង​ពុល​ទៅក្នុង​បរិយាកាស​ដូច​រថយន្ត​ប្រើ​ប្រេងឥន្ធនៈ​។​ជាមួយ​នេះ​គោលនយោបាយ​បៃតង​ត្រូវបាន​រាជ​រដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​ ​ដើម្បី​ជួយ​គាំពារ​ផ្នែក​បរិស្ថាន​នេះ​ផងដែរ​។

​ឯកឧត្តម​បន្ត​ថា​ រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​ ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​បាន​កំណត់​វិស័យ​យានយន្ត​អគ្គិសនី ​ជា​វិស័យ​ដែល​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​ចូលរួម​ មិន​ត្រឹមតែ​ជួយ​ដល់​ការ​លើកកម្ពស់​បរិស្ថាន​ប៉ុណ្ណោះ​ទេ​ ​តែ​វា​បាន​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​សាធារណៈ​ ​និង​ ​ជំរុញ​សន្ទុះ​នៃ​ការ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​ ​និង​ពង្រឹង​សន្តិសុខ​ថាមពល​។

​មួយវិញទៀត​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ​គឺជា​ការ​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ផលប៉ះពាល់​ដែល​បង្កឡើង​ពី​ការ​បំភាយ​ឧស្ម័ន​កាបូន​ឌី​អុកស៊ីដ​(​CO​2​)​ចេញ​ពី​យាន ​យន្ត​ប្រភេទ​ប្រេងឥន្ធនៈ​។

​ហើយ​ជាមួយគ្នា​នោះ​ក្រសួង​សាធារណការ ​ក៏​បាន​និង​កំពុង​ខិតខំ​អនុវត្ត​ស្រប​តាម​ទិសដៅ​និង​វិធានការ​ចាំបាច់​ដែល​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កំណត់​ស្រប​តាម​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត ​ដើម្បី​ជំរុញ​ឱ្យ​សម្រេច​នូវ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ក្នុង​អត្រា ​៤០​ ​ភាគរយ​ ​និង​ទោ​ចក្រ​យានយន្ត​អគ្គិសនី​ក្នុង​អត្រា ​៧០​ ​ភាគរយ​ ​នៅ​ត្រឹម​ឆ្នាំ ​២០៥០ ​ខាងមុខ​។​

ក្នុង​ជំនួប​នោះ​ដែរ​ ​ឯកឧត្តម​បណ្ឌិត​ ​ជា​ម ​ច័ន្ទ​សោភ័ណ ​អភិបាល​ខេត្ត​កំពង់ស្ពឺ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​ដោយ​ឈរ​លើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​បាន​លើកទឹកចិត្ត​និង​ចូលរួម​សម្របសម្រួល​គ្រប់​បែបយ៉ាង​ ​ដើម្បីឱ្យ​ក្រុមហ៊ុន​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​ដោយ​សាងសង់​ស្ថានីយ​បញ្ចូល​អគ្គិសនី​ល្បឿន​លឿន​នៅ​តាម​គោលដៅ​នានា​ទូទាំង​ខេត្ត​កំពង់ស្ពឺ ​ធ្វើ​យ៉ាងណា​ឱ្យ​ខេត្ត​កំពង់ស្ពឺ​ក្លាយជា​ខេត្ត​ទំនើប​និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​រថយន្ត​អគ្គិសនី​។​

ក្នុង​នោះ​ អភិបាល​ខេត្ត​ក៏​បាន​ផ្ដាំផ្ញើ​ដល់​អ្នកវិនិយោគ​វិស័យ​ថាមពល​ឱ្យ​គិតគូរ​ឱ្យ​បាន​ហ្មត់ចត់​ចំពោះ​សុខ​សុវត្ថិភាព​និង​បរិស្ថាន​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ ​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​ការ​សាងសង់​ស្ថានីយ​បញ្ចូល​ថាមពល​នេះ​បង្ក​ការ​ថ្នាំង​ថ្នាក់​ដល់​ទឹកចិត្ត​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នោះ​ឡើយ​។

​ឯកឧត្តម​ ផន ​រឹម ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​គិត​ត្រឹម​ខែ​កុម្ភៈ​ ​ឆ្នាំ​២០២៦​កន្លងមក​នេះ​ ​មាន​យានយន្ត​អគ្គិសនី​បាន​ចុះបញ្ជី​សរុប​ចំនួន​ ​១៤​ ​៥៣៤​គ្រឿង​ ក្នុង​នោះ​ ​ទោ​ចក្រ​យានយន្ត​៣​ ​៤៤៩​គ្រឿង​, ​ត្រី​ចក្រ​យានយន្ត ​៧២២​គ្រឿង​ និង​រថយន្ត​ចំនួន​ ​១០​ ​៣៦៣​គ្រឿង​។

​ឯកឧត្តម​ លោក​ ​ផន ​រឹម ​បាន​បញ្ជាក់​ឱ្យដឹង​ថា​ ​ចាប់ពី​ឆ្នាំ​២០១៨​មក​ ការ​ចុះបញ្ជី​យានយន្ត​មាន​ការ​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ការ​កើនឡើង​នេះ​ស្រប​ទៅនឹង​និន្នាការ​ នៃ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅលើ​ពិភពលោក​ ​និង​តំបន់​ផងដែរ​។​ បច្ចុប្បន្ន ​ការ​អភិវឌ្ឍ​យានយន្ត​អគ្គិសនី ​គឺជា​និន្នាការ​សកល ​ដែល​កំពុង​កើនឡើង​យ៉ាង​លឿន​។ ​សម្រាប់​កម្ពុជា​ការ​ចុះបញ្ជី​យានយន្ត​អគ្គិសនី​ចាប់ផ្តើម​ក្នុង​អំឡុង​ឆ្នាំ​២០១៨​ ​ដែល​កាល​នោះ​មាន​រថយន្ត​អគ្គិសនី​តែ​ ​១​គ្រឿង​គត់ ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​។ ​ចាប់ពី​ពេល​នោះ​មក​ ការ​ចុះបញ្ជី​យានយន្ត​អគ្គិសនី​មាន​កំណើន​ជារៀងរាល់​ឆ្នាំ​ ​ដូច​នឹង​និន្នាការ​កំណើន​យានយន្ត​អគ្គិសនី​លើ​សកលលោក​ដែរ​។

​ឯកឧត្តម​ ផន ​រឹម ​បាន​បន្ថែម​ថា​ ​គិត​ត្រឹម​ខែ​កុម្ភៈ​ ​ឆ្នាំ​២០២៦​នេះ​ ​មាន​យានយន្ត​អគ្គិសនី​ចុះបញ្ជី​សរុប​ចំនួន​ ​១៤​ ​៥៣៤​គ្រឿង​ ក្នុង​នោះ​៖ ​ទោ​ចក្រ​យានយន្ត ​៣​ ​៤៤៩​គ្រឿង​,​ត្រី​ចក្រ​យានយន្ត ​៧២២​គ្រឿង​ និង​រថយន្ត​ចំនួន​ ​១០​ ​៣៦៣​គ្រឿង​។ ​ខណៈពេញ​មួយ​ខែកុម្ភៈ​ ​ឆ្នាំ​២០២៦​ ​មាន​យានយន្ត​អគ្គិសនី​ចុះបញ្ជី​សរុប ​១​ ​០៧៨​គ្រឿង​ (​រថយន្ត​ ​៨៨៩​គ្រឿង​) ​ខណៈ​ដែល​ពេញ​មួយ​ខែមករា ​ឆ្នាំ​២០២៦​ ​មាន​យានយន្ត​អគ្គិសនី​ចុះបញ្ជី​សរុប​ ​៤៨៨​គ្រឿង​ (​រថយន្ត​ ​៤០៩​គ្រឿង​) ​ខណៈ​ដែល​និន្នាការ​នេះ​មាន​ការ​កើនឡើង​ជាបន្តបន្ទាប់​។ ​យានយន្ត ​គឺជា​មធ្យោបាយ​ចម្បង​សម្រាប់​ការ​ធ្វើដំណើរ​ប្រចាំ​ថ្ងៃ​ ​និង​ការ​ដឹកជញ្ជូន​អ្នកដំណើរ​ និង​ទំនិញ​នៅ​ទូទាំង​ប្រទេស​។ ​ជាក់ស្ដែង​អត្រា​នៃ​ការ​ប្រើប្រាស់​យានយន្ត​កើន​យ៉ាង​ខ្លាំង​ ​ជាពិសេស​ទោ​ចក្រ​យានយន្ត ​និង​រថយន្ត​៕

​អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times