នៅព្រឹកថ្ងៃ ៣ ខែឧសភា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីលេចឮព័ត៌មានតាមបណ្ដាញសង្គមថា មានអាជីវករលួចនាំចូលផ្លែទុរេនពីប្រទេសថៃមកដាក់លក់នៅក្នុងផ្សារភូពុយ ខេត្តបាត់ដំបង មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ខេត្តបាត់ដំបង បានចុះពិនិត្យទីតាំងលក់ផ្លែឈើ ៩ ទីតាំង។

ជាលទ្ធផល ក្រោយពីការចុះពិនិត្យ និងសួរនាំ មន្ត្រីជំនាញសន្និដ្ឋានថាមិនមានករណីនាំទុរេន ពីប្រទេសថៃចូលមកលក់នោះឡើយ ដោយទុរេនទាំងនោះនាំមកពីខេត្តកំពង់ចាម និងតំបន់មួយចំនួនក្នុងស្រុកនោះទេ ។
មួយរយៈមកនេះ មានឃើញការលក់ផ្លែទុរេនជាច្រើនដោយមហាជនសង្ស័យថា អាជីវករបាននាំចូលមកពីប្រទេសថៃ ខណៈផ្លែទុរេននៅទីនោះជន់ជោរ ដោយសារមិនបាននាំចេញទៅក្រៅប្រទេស។

គួរបញ្ជាក់ផងដែរថា កម្ពុជាបានបិទការនាំចូលបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ (សាំង, ម៉ាស៊ូត, ប្រេងខ្មៅ, សាំងយន្តហោះ) និង ឧស្ម័នរាវសម្រាប់ដុត។ ការហាមឃាត់នេះមិនមែនជាការបិទទាំងស្រុងទេ គឺសំដៅលើការទប់ស្កាត់ការនាំចូលតាមច្រកព្រំដែនគោកកម្ពុជា-ថៃ។ នេះបើយោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៥ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់បន្ថែមទៅកាន់អាជីវករ/ពាណិជ្ជករ ធុរជន៕



អត្ថបទ៖ ឆដា, រូបភាព៖ រូបភាពពីអគ្គនាយកដ្ឋាន ក.ប.ប



