អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គុណ ញឹម បានបញ្ជាក់ថា ការលុបបំផុតកម្រៃស្កេនកុងតឺន័រ ដើម្បីជួយសម្រួលផ្នែកពាណិជ្ជកម្មក្នុងការកាត់បន្ថយបន្ទុកថ្លៃដឹកជញ្ជូន (ឡូជីស្ទីក)។

លោក គុណ ញឹម បានលើកឡើងក្នុងសិក្ខាសាលា ស្ដីពី ការផ្សព្វផ្សាយវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច នៅអគ្គនាយកដ្ឋានគយ កាលពីព្រឹកថ្ងៃ ២៨ ខែមេសា ឆ្នាំ ២០២៩ ដែលការណ៍នេះធ្វើឡើងក្នុងគោលដៅ ដើម្បីកាត់បន្ថយបន្ទុកចំណាយ ក្នុងវិស័យដឹកជញ្ជូន ក៏ដូចជាថ្លៃដើមនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបន្ថែមថា រាជរដ្ឋាភិបាល សម្រេចអនុវត្តចាប់ពីថ្ងៃ ១ ខែឧសភា ឆ្នាំ ២០២៦ នេះតទៅ ក្នុងការលុបបំបាត់កម្រៃស្កេនកុងតឺន័រទាំងស្រុងតែម្ដង។ នេះជាផ្នែកមួយ នៃកិច្ចសម្រួលពាណិជ្ជកម្ម និងរួមចំណែកក្នុងការកាត់បន្ថយបន្ទុកថ្លៃភស្តុភារកម្ម។


ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍កើនឡើងខ្ពស់ នៃតម្លៃប្រេងឥន្ធនៈជាសកល។ ក្នុងនោះក៏មានការកែសម្រួលអត្រាពន្ធ និងអាករ ដែលអនុវត្តចាប់ពីថ្ងៃ ១ ខែមេសា ឆ្នាំ ២០២៦ មក។ វិធានការនេះផ្ដោតសំខាន់ចំពោះការបញ្ចុះពន្ធគយលើយានយន្តអគ្គិសនី, អាគុយ, បរិក្ខារសូឡា, និងចង្ក្រានអគ្គិសនី ដែលជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏សម្រេចបន្ធូរបន្ថយបន្ទុកពន្ធ និងអាករនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ដើម្បីជួយបញ្ចុះតម្លៃ និងធានានិរន្តរភាពនៃការផ្គត់ផ្គង់។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានអះអាងថាការដាក់ចេញវិធានមុតស្រួចទាំងនេះ ធ្វើឡើងក្នុងគោលដៅកែលំអ និងបង្កជាបរិយាកាសស្មើភាពគ្នាក្នុងការវិនិយោគ និងធ្វើពាណិជ្ជកម្ម នៅកម្ពុជា គឺបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយ ដែលមានលក្ខណៈម៉ឺងម៉ាត់ និងប្រាកដនិយម ជាផ្នែកមួយនៃការកែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ផងដែរថា កាលឆ្នាំ ២០២៥ គយប្រមូលចំណូលចូលជាតិបាន ៣ ១៨១ លានដុល្លារ គឺលើសផែនការដល់ ២១ ភាគរយ កំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕
អត្ថបទ៖ ឆដា, រូបភាព៖អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង STPM



