ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៤៣ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៦ ពាន់កន្លែង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥ គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨ គម្រោង។
ក្នុងខែមករា ឆ្នាំ២០២៦ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥ គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣,៤ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ០,៤៥% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៥។

យ៉ាងណាមិញ ជាការកត់សម្គាល់ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគធំៗមួយចំនួនដូចជា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ តំបន់ ក្នុងទំហំទុនវិនិយោគដល់ទៅ ២៦០ លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិត អគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារ អាមេរិក។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងកាលពីថ្មីៗនេះថា កម្ពុជាមានបរិយាកាសវិនិយោគដ៏ទាក់ទាញ ក្រោមចំណុចគន្លឹះមួយចំនួន រួមមាន៖ (១)កិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ, (២)ច្បាប់ស្តីពីវិនិយោគ ដែលផ្តល់នូវការលើកទឹកចិត្តជាអតិបរមា មានតម្លាភាព និងយន្តការសម្របសម្រួលវិនិយោគនានា, (៣)សក្តានុពលភូមិសាស្ត្រនយោបាយ ដែលកម្ពុជាជាសមាជិកអាស៊ាន និងជាច្រកតភ្ជាប់ដ៏សំខាន់ក្នុងតំបន់, (៤)មូលធនមនុស្សមានវ័យក្មេង ដែលងាយក្នុងការបណ្តុះបណ្តាល, (៥)លំនឹងម៉ាក្រូសេដ្ឋកិច្ច, (៦) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)ជាដើម, និង (៧)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងគម្រោងធំៗដូចជា ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលជួយសម្រួលដល់ការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជា គឺជាប្រទេសទី១ ក្នុងពិភពលោក ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាផ្លូវការ ជាមួយសហរដ្ឋអាម៉េរិក វាបានបង្ហាញពីភាពប្រាកដប្រជា និងបង្កើនទំនុកចិត្តសម្រាប់ការវិនិយោគ និងការនាំចេញទៅកាន់ទីផ្សារដ៏ធំរបស់អាម៉េរិកផងដែរ៕
អត្ថបទ៖ ប៊ី


