ក្រុមហ៊ុនចិន មានគម្រោងអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ

ក្នុងជំនួបជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅនេះ, លោក Wang Huan តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន-ផ្លូវថ្នល់ចិនប្រចាំកម្ពុជា បានបង្ហាញអំពីការចាប់អារម្មណ៍ និងមានគម្រោងអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ ដោយឈរលើការអភិរក្ស និងអភិវឌ្ឍ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍តាមខេត្តជាប់ដងព្រែក។

តាមដានជាមួយយើង៖ Million Times

តំណាងក្រុមហ៊ុន បានរាយការណ៍អំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ព្រមទាំងស្នើសុំអនុសាសន៍ពីឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងគម្រោងសំខាន់ៗមួយចំនួនទៀត។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន-ផ្លូវថ្នល់ចិនប្រចាំកម្ពុជា (CRBC) ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តវិស័យអាទិភាព ជួយជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ លើកកម្ពស់តួនាទីយុទ្ធសាស្ត្ររបស់រដ្ឋ ជាពិសេសការចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) ឱ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្ត ដោយផ្តោតលើតំបន់ដែលមានសក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ ដោយឈរលើការអភិរក្ស និងអភិវឌ្ឍ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍តាមខេត្តជាប់ដងព្រែក សហគមន៍ លើកកម្ពស់ជីវភាពប្រជាជន និងរួមចំណែកការកាត់បន្ថយភាពក្រីក្រ។

ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើលោក Wang Huan តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន-ផ្លូវថ្នល់ចិន ទាក់ទាញវិនិយោគិនមកធ្វើការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ តាមខេត្តជាប់ដងព្រែកបន្ថែមទៀត៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងទេសចរណ៍