ក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រោងបោះទុនវិនិយោគ ២០០លានដុល្លារលើវិស័យកសិកម្ម ដោយក្នុងនោះក៏មានការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក ផងដែរ។

ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ជីប ម៉ុង បានបង្ហោះឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន គ្រោងវិនិយោគ ២០០លានដុល្លារលើវិស័យកសិកម្មកម្ពុជា ហើយកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានចុះទៅទស្សនកិច្ចដោយផ្ទាល់ និងសិក្សាពីដំណើរការផលិតគ្រាប់ស្វាយចន្ទី នៅក្រុមហ៊ុន Ample Agro Product ដែលមានទីតាំងស្ថិតនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ចំណែកក្រុមហ៊ុន Ample Agro Product ក៏បានឱ្យដឹងដែរថា កាលពីថ្ងៃទី២១ ខែតុលាកន្លងទៅនេះ លោក អាន តារា ដែលជាស្ថាបនិកក្រុមហ៊ុន និងលោកស្រី សម្បត្តិ កល្យាណ អគ្គនាយកក្រុមហ៊ុន បានទទួលស្វាគមន៍អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរបស់ក្រុមហ៊ុន មកទស្សនាសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី នៅ Ample Agro Product។ ទស្សនកិច្ចនេះក៏មានការចូលរួមពីប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា ផងដែរ។

ការចុះមកទស្សនកិច្ចនេះ គឺដើម្បីសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ លើវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាក្នុងការផ្គត់ផ្គង់ទីផ្សារពិភពលោក។ ក្រុមហ៊ុនទាំងពីរ ក៏បានពិភាក្សាយ៉ាងស្អិតល្មួត និងរិៈរកនីតិវិធីធ្វើយ៉ាងណាដែលអាចឱ្យក្រុមហ៊ុន ជីបម៉ុង បានចូលរួមចំណែកក្នុងជួយគាំទ្រវិស័យកែច្នៃនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជាទៅទីផ្សារពិភពលោក ដើម្បីឆ្លើយតបទៅតាមគោលនយោបាយជាតិ ស្តីពី ស្វាយចន្ទីរបស់រាជរដ្ឋាភិបាលឆ្នាំ២០២២-២០២៧៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមហ៊ុន Ample Agro Product


