កសិដ្ឋានចិញ្ចឹមគោក្នុងស្រុកមួយ គ្រោងសហការជាមួយអ្នកជំនួញជប៉ុន ដើម្បីវិនិយោគរួមគ្នាទៅលើការចិញ្ចឹមគោសាច់ និងគោទឹកដោះ ដោយប្រើប្រាស់បចេ្ចកវិទ្យាចុងក្រោយរបស់ពិភព លោក។ នេះបើយោងតាមការបង្ហោះឱ្យដឹងពីទំព័រហ្វេសប៊ុក កសិដ្ឋានចិញ្ចឹមគោ i7 Ranch Cambodia កាលពីថ្ងៃទី២៤ ខែតុលា។

ប្រភពដដែល ឱ្យដឹងថា កសិដ្ឋាន i7 Ranch Cambodia កាលពីពេលថ្មីៗនេះ បានបើកកិច្ចប្រជុំជាមួយអ្នកជំនួញធំប្រទេសជប៉ុនក្នុងវិស័យចិញ្ជឹមគោ ដើម្បីសហការវិនិយោគរួមគ្នាអភិវឌ្ឍន៍គោសាច់ គោទឹកដោះ ដោយប្រើប្រាស់បចេ្ចកវិទ្យាចុងក្រោយរបស់ពិភពលោក ដែលធ្វើឱ្យប្រទេសកម្ពុជានឹងក្លាយជាប្រទេសនាំចេញ សាច់គោ និងទឹកដោះស្រស់ ធំជាងនៅក្នុងតំបន់អាស៊ី។

ក្រុមអ្នកវិនិយោគវិស័យចិញ្ចឹមគោប្រទេសជប៉ុន ដឹកនាំដោយលោក Prof. TSUJINO ARATO ដែលជាអ្នកឯកទេសលើការគ្រប់គ្រងគោសាច់ គោទឹកដោះ និងការផ្គត់ផ្គង់ចំណីដើម្បីធ្វើឱ្យសាច់គោ និងទឹកដោះគោមានគុណភាពខ្ពស់។

ក្នុងនោះ ក៏មានក្រុមការងារជំនាញមួយចំនួនរួមមាន៖ អ្នកជំនាញផ្នែកផលិតគោសាច់ មានគុណភាពខ្ពស់ តាមវិធីបំប៉ន់គោ, ម្ចាស់ភោជនីយដ្ឋាន ដែលយកសាច់គោជាវត្តុធាតុដើមគោល សម្រាប់ផលិតអាហារ ធ្វើជាអត្តសញ្ញាណរបស់ហាង, ក្រុមអ្នកស្រាវជ្រាវផ្នែកចំណី និងសម្ភារ:សំណង់រោងគោ ស្តង់ដារសត្តឃាតនិងបទដ្ឋានអនាម័យ។

នាឱកាសនោះដែរ លោក ស្រី ចន្ធូ ស្ថានិបកកសិដ្ឋាន i7 Ranch Cambodia លើកឡើងថា ការសហការវិនិយោគរួមគ្នាពិតជាមានសារសំខាន់ណាស់ ព្រោះកិច្ចសហការនេះបានផ្តល់ឱកាសអាជីវកម្ម ពាណិជ្ជកម្ម រវាងគ្នានឹងគ្នា ពិសេសក៏ជាការពង្រីកទីផ្សារដ៏ធំសម្រាប់ប្រជាកសិករកម្ពុជា ស្របតាមការដឹកនាំដ៏ឆ្លាតវៃ ប៉ិនប្រសប់ របស់រដ្ឋាភិបាលបច្ចុប្បន្ន រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាអភិវឌ្ឍន៍ គ្រប់វិស័យឱ្យក្លាចជាប្រទេសជឿនលឿន ទំនើប នាពេលយ៉ាងខ្លីខាងមុខ។

គួរឱ្យដឹងថា កសិដ្ឋាន i7 Ranch Cambodia ជាកសិដ្ឋានចិញ្ចឹមគោធំជាងគេនៅកម្ពុជា ហើយក៏ជាកសិដ្ឋានដែលបង្កាត់ បង្កើតពូជគោ និងជាទីផ្សារដ៏ធំរបស់ប្រជាកសិករ ក្នុងវិស័យកសិកម្ម៕
អត្ថបទ៖ វីរៈ រូបភាព៖ កសិដ្ឋាន i7 Ranch Cambodia


