អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥ ក្រោមមូលបទ៖ «រួបរួមទីផ្សារដើម្បីវិបុលភាពរួម» (Unifying Markets for Shared Prosperity) នៅព្រឹកថ្ងៃទី២៥ ខែតុលានេះ។

តាមដានជាមួយយើង៖ Million Times

ការចូលរួមនេះ គឺក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

មូលបទនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ ២០២៥ខាងលើនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់សម្រាប់អាស៊ាន ក្នុងការបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ច និងពង្រឹងគោលជំហរឲ្យកាន់តែរឹងមាំ លូតលាស់លឿន និងឆ្ពោះទៅមុខរួមគ្នា។

បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ ផ្តោតសំខាន់លើការជជែកពិភាក្សាអំពីការពង្រឹងកិច្ចសហការរវាងធុរកិច្ច និងធុរកិច្ច, ការជំរុញអត្តសញ្ញាណអាស៊ាន, ការគាំទ្រដល់សហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម, កាលានុវត្តភាពសមធម៌ និងការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយបរិយាប័ន្ន។

ក្រៅពីនេះ ក៏មានការលើកយកបញ្ហាប្រឈមផ្នែកបទបញ្ញត្តិ និងកិច្ចសន្ទនាថ្នាក់តំបន់ ស្តីពី ការសហការគ្នា ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាពនូវបញ្ញាសុប្បនិម្មិត្តអាស៊ាន ផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា