រដ្ឋបាលខេត្តកំពង់ធំ កំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចខេត្ត តាមរយៈគម្រោងវារីវប្បកម្ម

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មានប្រសាសន៍បញ្ជាក់ថា ខេត្តកំពង់ធំ កំពុងប្រឹងប្រែងធ្វើពិពិធកម្មសេដ្ឋកិច្ចខេត្ត តាមរយៈគម្រោងវារីវប្បកម្មមួយ ដែលប្រែក្លាយផ្ទៃដីមួយផ្នែកណាមួយនោះ ទៅតំបន់វារីវប្បកម្ម និងតំបន់ហូបផ្លែផ្សេងទៀត។

ការឱ្យដឹងរបស់ ឯកឧត្តម នួន ផារ័ត្ន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពី LDC និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី បច្ចុប្បន្នភាពអំពីការប្រឈមផលប៉ះពាល់ និងដំណោះស្រាយពាក់ព័ន្ធដឹងការចាកចេញពី ចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចតាមវិស័យ ដោយសហការរៀបចំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនិងមន្ទីរផែនការខេត្តកំពង់ធំ នៅភោជនីយដ្ឋាន ឡូវ គឹមសេង នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

ក្នុងឱកាសនោះផងដែរ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា មន្ទីរ និងអង្គភាពជំនាញតាមវិស័យនីមួយៗ ពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមជំរុញការអភិវឌ្ឍរបស់ជាតិ ជាពិសេសក្នុងដំណើរឈានទៅរកប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ខេត្តកំពង់ធំ ជាខេត្តដែលពឹងផ្អែកលើវិស័យកសិកម្ម ដោយអាជ្ញាធរខេត្ត បានទិញយកមកវិញនូវស្ថានីយបូមទឹកមួយចំនួនធំ ដើម្បីផ្តល់ជូនសហគមន៍ជាអ្នកគ្រប់គ្រង អភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ប្រែក្លាយជាសហគមន៍កសិកម្មទំនើប ដោយទម្លាក់ថ្លៃទឹកសម្រាប់ប្រជាពលរដ្ឋ។

លើសពីនេះ នៅក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម តាមរយៈការផ្តោតលើដំណាំស្វាយចន្ទី ដែលខេត្តកំពង់ធំ គឺជាស្នូលនៃគោលនយោបាយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃណព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកែច្នៃគ្រាប់ស្វាយចន្ទី។

បន្ថែមលើនេះ ខេត្តកំពង់ធំកំពុងប្រឹងប្រែងធ្វើពិពិធកម្មសេដ្ឋកិច្ចខេត្ត តាមរយៈគម្រោងវារីវប្បកម្មមួយ ដែលប្រែក្លាយផ្ទៃដីមួយផ្នែកណាមួយនោះ ទៅតំបន់វារីវប្បកម្ម និងតំបន់ហូបផ្លែផ្សេងទៀត ដែលអាចផ្តល់តម្លៃបន្ថែមខ្ពស់ជាងដំណាំស្រូវ សំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទ៖ ប៊ី