គម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ នៅក្រុងសែនមនោរម្យ សម្រេចវឌ្ឍនភាព ២០%

គម្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​ខ្យល់ នៅ​ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី ដែល​មាន​អានុភាព ១៥០ មេហ្គាវ៉ាត់ និង​ប្រើ​ទុន​វិនិយោគ​ប្រមាណ ២០០ លាន​ដុល្លារ កំពុង​ដំណើរ​ការ​អភិវឌ្ឍ​យ៉ាង​សកម្ម ដោយ​សម្រេច​វឌ្ឍនភាព​ប្រហែល ២០% ហើយ គិត​ត្រឹម​ថ្ងៃ ៣០ ខែ​មេសា ឆ្នាំ ២០២៦ នេះ។

តាមដានជាមួយយើង៖ Million Times

បច្ចុប្បន្ន​មានតែ​ក្រុមហ៊ុន​មួយ (ក្រុមហ៊ុន​ឥណ្ឌូ​ឆាយ​ណា) ដែល​កំពុង​ដំណើរ​ការ​សាងសង់​។ គម្រោង​នេះ​ស្ថិតនៅ​ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោរម្យ ហើយ​តាម​ផែនការ ក្រុមហ៊ុន​នីមួយ​ៗ​អាច​សាងសង់​បង្គោល​កង្ហា​ខ្យល់​ចន្លោះពី ២០ ទៅ ៣០ បង្គោល។

ការ​អភិវឌ្ឍ​គម្រោង​ថាមពល​ខ្យល់​នេះ ត្រូវ​បាន​ចាត់ទុកថា​ជា​ជំហាន​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​ស្អាត និង​ថាមពល​​បៃតង​នៅ​កម្ពុជា ជាពិសេស​នៅ​តំបន់​ភ្នំ​នៃ​ខេត្ត​មណ្ឌលគិរី ដែល​មាន​សក្ដានុពល​ខ្យល់​ខ្លាំង និង​អាច​ប្រើប្រាស់​បាន​យូរអង្វែង។


កាលពី​ឆ្នាំ ២០២៥ រដ្ឋសភា​កម្ពុជា បាន​អនុម័ត​គម្រោង​ថាមពល​ខ្យល់ ៦ គម្រោង នៅខេត្តមណ្ឌលគិរី ដែល​មាន​អានុភាព​សរុប ៩០០ មេហ្គាវ៉ាត់។ រាជរដ្ឋាភិបាល​កំណត់​គោលដៅ​ថាមពល​ស្អាត​មាន​ចំណែក​ដល់ ៧០% នៅត្រឹមឆ្នាំ ២០៣០ ដើម្បីធានាការអភិវឌ្ឍមានចីរភាព និងទាក់ទាញវិនិយោគ។


គម្រោង​ទាំងនេះ​នឹង​ជួយដោះ​ស្រាយបញ្ហាកង្វះអគ្គិសនី បំពេញតម្រូវការកំពុងកើនឡើង និង​ធានាការផ្គត់ផ្គង់អគ្គិសនីឱ្យមានស្ថិរភាព តម្លៃសមរម្យ និងទាន់ពេលវេលា៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត