ប្រៃសណីយ៍កម្ពុជា បានបញ្ជាក់ពីការទទួលខុសត្រូវរបស់ខ្លួន ក្នុងសេវាកម្មប្រៃសណីយ៍ បង្ហាញដល់សាធារជនឱ្យបានដឹងច្បាស់ បន្ទាប់ពីមានការលើកឡើងដោយភាន់ច្រឡំ នៅលើបណ្ដាញសង្គម។

ការបញ្ជាក់នេះ គឺបន្ទាប់ពីមានការបង្ហោះនៅលើបណ្ដាញនាពេលថ្មីៗនេះ ដែលបង្កឱ្យមានការភាន់ច្រឡំរវាងសេវាកម្មរបស់ប្រៃសណីយ៍កម្ពុជា និងនីតិវិធីដែលពាក់ព័ន្ធនឹងគយ។
ប្រៃសណីយ៍កម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី១៩ ខែមេសាថា ប្រៃសណីយ៍កម្ពុជា គឺជាស្ថាប័នទទួលខុសត្រូវលើសេវាប្រៃសណីយ៍ (ការប្រមូល ការដឹកជញ្ជូន និងការចែកទូទាត់សំបុត្រ និងបញ្ញើ)។ ចំណែកឯពន្ធនាំចូល និងកម្រៃផ្សេងៗ ត្រូវបានកំណត់ និងអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ច ស្របតាមបទប្បញ្ញត្តិថ្នាក់ជាតិ។

យ៉ាងណាក៏ដោយ ប្រៃសណីយ៍កម្ពុជា យល់ច្បាស់អំពីកង្វល់នានាដែលបានលើកឡើង ពាក់ព័ន្ធនឹងបទពិសោធន៍ នៃការទទួលបានសេវាកម្ម បើទោះបីជាប្រៃសណីយ៍កម្ពុជា មិនមែនជាអ្នកកំណត់ ឬគ្រប់គ្រងលើកម្រៃពន្ធនាំចូលក៏ដោយ។
បន្ថែមលើនេះ ប្រៃសណីយ៍កម្ពុជា ក៏បានលើកឡើងថា ស្ថាប័នរបស់ខ្លួន តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះមតិរិះគន់របស់សាធារណជន និងលើកទឹកចិត្តដល់អ្នកដែលជួបបញ្ហា សហការរាយការណ៍មកកាន់ប្រៃសណីយ៍កម្ពុជា តាមរយៈបណ្តាញផ្លូវការដោយផ្ទាល់ ដើម្បីឱ្យស្ថាប័នរបស់ខ្លួន អាចពិនិត្យ និងដោះស្រាយបានត្រឹមត្រូវ។
ជាចុងក្រោយ ប្រៃសណីយ៍កម្ពុជា បានបញ្ជាក់ថា ស្ថាប័នរបស់ខ្លួន នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង តម្លាភាព និងគុណភាពសេវាកម្ម សម្រាប់អតិថិជនទាំងអស់៕
អត្ថបទ៖ វីរៈ រូបភាព៖ ប្រៃសណីយ៍កម្ពុជា



