គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យលើសំណើសុំបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ និងគម្រោងវិនិយោគ ៨ផ្សេងទៀត

សំណើសុំចុះបញ្ជីគម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ និងសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៨ផ្សេងទៀត ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

តាមដានជាមួយយើង៖ Million Times

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។

គណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំង ៩នេះ មានទុនវិនិយោគសរុបប្រមាណ ៤២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៥ពាន់កន្លែង ដោយវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៧គម្រោង រួមមាន៖ ផ្គុំដំឡើងម៉ូតូ, ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក បរិក្ខារអគ្គិសនី និងបរិក្ខារអគ្គិសនីបំភ្លឺ, ផលិតប្រដាប់ព្យួរសម្លៀកបំពាក់, ផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ (បុណ្យណូអែលនិងបុណ្យ Halloween) និងវត្ថុអនុស្សាវរីយ៍, ជ្រលក់ពណ៌, ផលិតក្តារបន្ទះ និងផលិតក្រដាស។

គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ចំនួន ១គម្រោង ដែលសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ១,៣៤១បន្ទប់ ហើយគម្រោងវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង ដែលនឹងបង្កើតកសិដ្ឋានបណ្តុះមេផ្សិត និងផ្សិតគ្រប់ប្រភេទ និងវេចខ្ចប់កសិផល (ផ្សិត)។

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោង វិនិយោគទាំង ៩ ខាងលើនេះ បាននឹងទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឹ កំពង់ឆ្នាំង និងស្វាយរៀង៕

អត្ថបទ៖ វីរៈ រូបភាព៖ គណៈកម្មាធិការវិនិយោគកម្ពុជា