ឯកឧត្តម ស៊ុន ចាន់ថុល លើកទឹកចិត្តឱ្យអារ៉ាប់ មកវិនិយោគនៅកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យវិនិយោគិនអារ៉ាប់ មកវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ។

កាលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល បានអនុញ្ញាតជូនគណៈប្រតិភូដឹកនាំដោយឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្នុងជំនួបការងារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីកាលានុវត្តនភាពដ៏សមស្របនៃសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយអារ៉ាប៊ីសាអូឌីត និងបានលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមពីវិនិយោគិនអារ៉ាប់ មកកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ។

តាមដានជាមួយយើង៖ Million Times

ជាការឆ្លើយតប ឯកឧត្តម Waleed Nasser Alsheri បានកត់សម្គាល់ពីភាពរីកចម្រើនខ្លាំងនៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា និងបង្ហាញចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ។

ឯកឧត្តមក៏បានលើកឡើងពីបំណងរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកកម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជា គឺជាច្រកសំខាន់សម្រាប់សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030។

កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម ក៏បានអនុញ្ញាតជូនឯកឧត្តម Waleed Nasser Alsheri និងគណៈប្រតិភូសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការបន្តលើកស្ទួយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត។

នាឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានអញ្ជើញគណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីត ពិចារណាវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ផលិតផលហាឡាល។

ជាកិច្ចបញ្ចប់​ ភាគីទាំងពីរ បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការអនុវត្តផែនការសកម្មភាពការងារក្រោមក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជំរុញទំនាក់ទំនងពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស (GAFT) នៃប្រទេសអារ៉ាប៊ីសាអូឌីតប្រកបដោយប្រសិទ្ធិភាព និងមានសុទិដ្ឋិនិយមថាតាមរយៈការបង្កើតក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ នឹងផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធិ ដែលនឹងផ្តល់ភាពងាយស្រួលក្នុងការពង្រីកប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ៕

អត្ថបទ៖ ប៊ី