ក្រុមហ៊ុន ខេមបូឌា អ៊ែរផេត អ៊ុនវេសមិន ឯ.ក (CAIC) គ្រោងចំណាយទឹកប្រាក់ ១០០ លានដុល្លារ ដើម្បីជីកផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១០ គីឡូម៉ែត្រ តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ។ នេះបើយោងតាមការបញ្ជាក់របស់ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CAIC។
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបែបនេះ នាឱកាសអញ្ជើញចូលរួម ក្នុងពិធីបើកសម្ពោធជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានថ្លែងដូច្នេះថា ៖«យើងមានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មី ប្រវែង ១០ គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគសរុបចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងក្បែរ អាកាសយានដ្ឋានអន្ដជាតិតេជោ ទៅភ្ជាប់ព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាយើង»។


លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ មានប្រសាសន៍បន្ថែមថា ការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីនេះ ដើម្បីឱ្យតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានថ្លែងបន្តថា ក្រុមហ៊ុន OCIC ក៏បានចាប់ផ្តើមអភិវឌ្ឍ ទីក្រុងរណបអាកាសយានដ្ឋាន រួមមានការសាងសង់ លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់បុគ្គលិករាប់ពាន់នាក់នៅ អាកាសយានដ្ឋានអន្ដជាតិតេជោ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងទីក្រុងរណបអាកាសយានដ្ឋាននេះ។
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានលើកឡើងថា ទីក្រុងរណបអាកាសយានដ្ឋាន មានផែនការរួម (Master Plan) សម្រាប់អភិវឌ្ឍលំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលពិពណ៌អន្តរជាតិ រោងចក្រ និងឃ្លាំង រួមមានតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្នុងការលើកកម្ពស់ការផលិត និងការនាំចេញទំនិញតាមរយៈ អាកាសយានដ្ឋានអន្តរជាតិតេជោ។
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបន្ថែមទៀតថា ក្រុមហ៊ុន OCIC ក៏បានសាងសង់ឧទ្យានវប្បធម៌នៅ អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីផ្សព្វផ្សាយដល់ភ្ញៀវក្នុងស្រុក និងអន្តរជាតិ ឲ្យយល់ដឹងពីវប្បធម៌ខ្មែរ៕
អត្ថបទ៖ ប៊ី