សម្ដេចតេជោ៖ ការរក្សាឱ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេស ទាំងជាមួយប្រទេសជិតខាងគឺជាអាទិភាពកំពូលរបស់យើង

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ការរក្សាឱ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេស ទាំងជាមួយប្រទេសជិតខាង គឺជាអាទិភាពកំពូលរបស់កម្ពុជា។ ការលើកឡើងនេះ គឺបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយនឹងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។

តាមដានជាមួយយើង៖ Million Times

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះថា «នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ (ស្ងាត់តែមិនស្ងៀម) របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ក្រោមការជួយរៀបចំរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ»។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ការរក្សាឱ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេសទាំងជាមួយប្រទេសជិតខាង គឺជាអាទិភាពកំពូលរបស់កម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ថ្ងៃនេះត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ជាសារវ័ន្ត សម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នា នៃប្រទេសទាំងពីរថា សន្តិភាពនៅតែអាចមានដរាបណាប្រជាជាតិនានាមានសេចក្តីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា។

តាងនាមប្រជាជនកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការគាំទ្រសន្តិភាពជានិរន្តន៍រវាងកម្ពុជានិងថៃ និងចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ ក្នុងការជួយធ្វើឱ្យសមិទ្ធផលនេះក្លាយជាការពិត៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមសម្ដេចតេជោ