លទ្ធផលនៃពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ

ក្រសួងការបរទេសកម្ពុជា បានបង្ហាញអំពីលទ្ធផលនៃពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

តាមដានជាមួយយើង៖ Million Times

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយនឹងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ពិធីនេះ ក៏មានការចូលរួមធ្វើជាសាក្សីពីឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម Dato’ Seri Anwar Ibrahim។

សេចក្ដីប្រកាសព័ត៌មាន បានលើកឡើងថា ថ្ងៃនេះត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ជាសារវ័ន្ត សម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នា នៃប្រទេសទាំងពីរថា សន្តិភាពនៅតែអាចមានដរាបណាប្រជាជាតិនានាមានសេចក្តីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា។

តាងនាមប្រជាជនកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការគាំទ្រសន្តិភាពជានិរន្តន៍រវាងកម្ពុជានិងថៃ និងចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ ក្នុងការជួយធ្វើឱ្យសមិទ្ធផលនេះក្លាយជាការពិត។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ចំពោះការគាំទ្រដោយឥតងាករេ និងការសម្របសម្រួលរបស់ឯកឧត្តម ក្នុងដំណើរការស្វែងរកសន្តិភាពនេះរហូតដល់ទីបញ្ចប់ប្រកបដោយជោគជ័យ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអាស៊ាន ចិន និងប្រទេសដៃគូនានា ដែលបានគាំទ្របទឈប់បាញ់តាំងពីដើមរៀងមក។

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តយ៉ាងពេញលេញ និងដោយភាពស្មោះត្រង់នូវសេចក្តីថ្លែងការណ៍រួមនេះ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសថៃ និងដៃគូទាំងអស់ ដើម្បីធានាថា សន្តិភាពនេះនៅស្ថិតស្ថិរ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន នៃប្រទេសទាំងពីរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមានការបន្តគាំទ្រ និងការរួមចំណែករបស់សហគមន៍អន្តរជាតិ និងដៃគូនានា ដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្តីថ្លែងការណ៍រួមនេះ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំចំពោះការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ជាបន្ទាន់ ក្រោមហេតុផលមនុស្សធម៌ និងស្របតាមការឯកភាពគ្នាក្នុងសេចក្តី ថ្លែងការណ៍រួមនេះ។

ជាចុងក្រោយ ដោយទទួលស្គាល់ការលះបង់ដ៏ធំធេង និងកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងការលើកកម្ពស់សន្តិភាព មិនត្រឹមតែរវាងកម្ពុជា និងថៃប៉ុណ្ណោះទេ ថែមទាំងក្នុងចំណោមប្រជាជាតិទាំងឡាយ និងដើម្បីបង្ហាញនូវការដឹងគុណរបស់ប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសស្នើបេក្ខភាពឯកឧត្តមប្រធានាធិបតី Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព៕

អត្ថបទ៖ វីរៈ រូបភាព៖​ បណ្ដាញសង្គមសម្ដេចធិបតី