សម្ដេចធិបតី និងមេដឹកនាំអាស៊ានផ្សេងទៀត ចុះហត្ថលេខាឱ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមេដឹកនាំអាស៊ានផ្សេងទៀត នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពី ការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ។ ការចុះហត្ថលេខានេះ គឺនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

តាមដានជាមួយយើង៖ Million Times

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរសាទរសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលបានក្លាយជាសមាជិកពេញសិទ្ធិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាពេលនេះ។ មកដល់ពេលនេះ អាស៊ានមានសមាជិក ១១ប្រទេសហើយ ដែលរួមមាន៖ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ, ព្រុយ​ណេ ដា​រូ​សា​លឹម, វៀតណាម, ឡាវ, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសទីម័រឡេស្តេ។

ប្រទេសកម្ពុជា ជាប្រទេសមួយ ដែលគាំទ្រពេញទំហឹងឱ្យ​ទីម័រឡេស្តេ បានចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន តាំងតែពីដើមដំបូង ហើយក៏បានខិតខំជំរុញឱ្យ​មានកុងសង់ស៊ីសអាស៊ាន លើសំណើរបស់ទីម័រឡេស្តេរហូតមក ព្រោះប្រទេសកម្ពុជា​យល់ថា មិនគួរទុកទីម័រឡេស្តេ ឱ្យ​នៅតែល តោលនោះ​ទេ។ បន្ថែមលើនេះ នៅពេលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ការបញ្ចូលទីម័រឡេស្តេជាសមាជិកអាស៊ាន ត្រូវបានដាក់បញ្ចូលអាទិភាពមួយ ក្នុងចំណោមអាទិភាពនានាអាស៊ាននាឆ្នាំនោះ។  

តាមរយៈការ​ខិតខំចរចារហូតដល់នាទីចុងក្រោយ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅរាជធានីភ្នំពេញ បានឯកភាពជាគោលការណ៍ ទទួលទីម័រឡេស្តេជាសមាជិកអាស៊ានទី១១។ ទោះបីមិនទាន់​បានជាសមាជិកពេញសិទ្ធិ តែនៅឆ្នាំបន្ទាប់ទីម័រឡេស្តេ បានចូលរួមជាសមាជិកសង្កេតការណ៍ ហើយដោយការតាំងចិត្ត និងភាពសកម្មរបស់ទីម័រឡេស្តេខ្លួនឯង ពេលនេះអាស៊ានបានអនុញ្ញាតឱ្យ​ទីម័រឡេស្តេ ចូលរួមមតិនៅ​លើការងារកសាងសហគមន៍អាស៊ាន៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមសម្ដេចធិបតី