កម្ពុជាបាននាំចេញទំនិញគិតជាទឹកប្រាក់ជាង ២,៩ ពាន់លានដុល្លារទៅទីផ្សារអន្តរជាតិ ក្នុងខែមករា ឆ្នាំ២០២៦ កើនឡើង ២៦.៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលទំនិញមកវិញមានតម្លៃ ៣,១ ពាន់លានដុល្លារ កើនឡើង១២.៨%។ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ៦ ពាន់លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៦ កើនឡើង១៩.១% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥ ដែលមានទំហំប្រមាណជាង ៥ពាន់លានដុល្លារ។
ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ១,៩០៤លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនជាង ១៦៤លានដុល្លារ ស្របពេលដែលចិន នាំចូលមកកម្ពុជាវិញមានតម្លៃជាង ១,៧៤០លានដុល្លារ។

ចំណែកសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី២ ដោយភាគីទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្មជាង ១,៣២១លានដុល្លារ កើនឡើង៤៨% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ១,២៨២លានដុល្លារ និងអាមេរិកនាំមកកម្ពុជាវិញ ក្នុងតម្លៃជាង៣៨លានដុល្លារ។
តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដដែលបានបង្ហាញថា ទំហំពាណិជ្ជកម្មដែលកម្ពុជា បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី អង់គ្លេស ជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កំណើនពាណិជ្ជនេះ បានឆ្លុះបញ្ចាំងថា កម្ពុជានៅតែរក្សាបាននូវទីផ្សារសំខាន់ៗរបស់ខ្លួនដែលជាទីផ្សារពិភពលោក និងបង្កើនសក្តានុពលកម្ពុជាក្នុងវិស័យផ្គត់ផ្គង់ ក្នុងខ្សែច្រវ៉ាក់តម្លៃ និងធានាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញរបស់ខ្លួន។

ឯកឧត្តម បានថ្លែងបន្តថា ទីផ្សារនាំចេញសំខាន់ៗរបស់ កម្ពុជា រួមមាន៖ អាស៊ាន, អូស្រ្តាលីលី, ចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ, ណូវែលហ្សេឡង់, សហភាពអឺរ៉ុប, ចក្រភពអង់គ្លេស, សហរដ្ឋអាម៉េរិក, កាណាដា, អេមីរាត់អារ៉ាប់រួម និង ឥណ្ឌា។
ទំនិញនាំចេញ សំខាន់ៗរបស់កម្ពុជា រួមមាន៖ ១) សម្លៀកបំពាក់ ២) វាយនភ័ណ្ឌ ៣)ស្បែកជើង ៤) សម្ភារៈធ្វើដំណើរនិង កាបូប ៥) សំបកកង់រថយន្ត ៦) ស្វាយចន្ទី ៧) អង្ករ ៨) ដំឡូងមី និង៩)គ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបន្លាស់ រថយន្ត៕
អត្ថបទ៖ ប៊ី


