ឯកឧត្តម ផន រឹម៖ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីសរុបជិត ១៣,០០០ គ្រឿង

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃ៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា មកទល់ពេលនេះ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបបានចំនួន ១២,៩៦៨ គ្រឿង ក្នុងនោះ ទោចក្រយានយន្ត ចំនួន ៣,២០៣ គ្រឿង ត្រីចក្រយានយន្តចំនួន ៧០០ គ្រឿង និងរថយន្តចំនួន ៩,០៦៥ គ្រឿង។

ឯកឧត្តម ផន រឹម បានថ្លែងថា ៖«ខ្ញុំសូមជម្រាបជូនថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ មានទោចក្រយានយន្តអគ្គិសនីចំនួន ៧០គ្រឿង បានបំពាក់ផ្លាកលេខពិសេស សម្គាល់ជាទោចក្រយានយន្តអគ្គិសនីផងដែរ (EV)»។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម  អ្នកនាំពាក្យ បានពន្យល់ថា យានយន្តអគ្គិសនី(Electric Vehicle-EV)សំដៅដល់យានយន្តដើរដោយម៉ូទ័រអគ្គិសនី និងប្រើប្រាស់អាគុយសម្រាប់ស្តុកថាមពល។

ឯកឧត្តម ផន រឹម បានបន្តទៀតថា ជាទូទៅ យានយន្តអគ្គិសនីត្រូវបានបែងចែកជា៣ប្រភេទ៖ ១/-ប្រភេទប្រើប្រាស់អគ្គិសនីសុទ្ធ(Battery Electric Vehicle-BEV ) ២/-ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈ និងអាគុយ(Hybrid Electric Vehicle-HEV) និង៣/-ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈ និងអាគុយ តែអាចបញ្ចូលថាមពលដូចយានយន្តអគ្គិសនីសុទ្ធបាន(Plug-In HEV-PHEV)។

នាពេលបច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ ១ គ្រឿងគត់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈរហូតដល់បច្ចុប្បន្ន ចំនួនយានយន្តអគ្គិសនីកើនដល់ជាង ១២,០០០ គ្រឿង៕

អត្ថបទ៖ ប៊ី