ក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសដែលមានសាខា ជាង ៥០០ នៅទូទាំងប្រទេសចិន ចាប់អារម្មណ៍ និងមានគម្រោងចុះអនុស្សារណៈយោគយល់គ្នាជាមួយខ្លួន លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងគ្រប់គ្រងសណ្ឋាគារ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ បានអនុញ្ញាតជូនលោកស្រី Hu Heng ប្រធាននាយកដ្ឋានកិច្ចការបរទេស នៃក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Wu Han សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈតាមតម្រូវការទីផ្សារបច្ចុប្បន្ន ដូចជាថ្នាក់ទេសចរណ៍ឆ្លាតវៃ (Smart Tourism) និងគ្រប់គ្រងសណ្ឋាគារ (Hotel Management) នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ប្រទេសចិន លើគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ជាមួយក្រសួងទេសចរណ៍កម្ពុជា ជាពិសេសគឺការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន ជំនាញវិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងការគ្រប់គ្រងសណ្ឋាគារដល់សិស្ស និស្សិតដើម្បីលើកកម្ពស់គុណភាពអប់រំ និងដើម្បីបង្កើនប្រាក់ចំណូលបន្ថែមផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងលោកស្រីប្រធាននាយកដ្ឋានក្រុមហ៊ុន ក៏បានឯកភាពក្នាលើការជួយបណ្តុះបណ្តាលសមត្ថភាពភាសាចិនសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន និងបើកវគ្គបណ្តុះបណ្តាលសម្រាប់មគ្គុទ្ទេសក៍ ទេសចរណ៍ឱ្យច្រើនដើម្បីបំពេញតម្រូវការភ្ញៀវទេសចរណ៍ចិន ព្រមទាំងធ្វើការទំនាក់ទំនងជាមួយដៃគូរពីប្រទេសចិន ក្នុងការរៀបចំជាសន្និសីទផ្លាស់ប្តូរវិស័យទេសចរណ៍ពាក់ព័ន្ធ និងការអប់រំវិជ្ជាជីវៈទេសចរណ៍អន្តរជាតិធំៗនៅកម្ពុជា ដោយក្រសួងសូមស្វាគមន៍ និងរីករាយជួយសហការសម្របសម្រួលជូនដល់ក្រុមហ៊ុនផងដែរ៕
អត្ថបទ៖ ប៊ី


