កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលរដ្ឋគ្រោងចំណាយថវិការដ្ឋជាង ១០ ប៊ីលានដុល្លារ។ នេះសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។
យោងតាមសេចក្តីប្រកាសព័ត៌មាន សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ មាន ៦ជំពូក និង ១៥មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាពលើការពង្រឹង សមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ការគាំទ្រការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៦ ជាពិសេសគាំទ្រការបន្តអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ វិធានការគន្លឹះទាំង ៥ និងអាទិភាពគន្លឹះទាំង ៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដើម្បីឆ្លើយតបទៅនឹងទិសដៅនៃការអភិវឌ្ឍរបស់កម្ពុជាក្នុងដំណាក់កាលថ្មី ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេសទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
 Million Times
  Million Times 
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៤០ ៩១៣ ប៊ីលានរៀល (ប្រមាណជាង ១០ ប៊ីលានដុល្លារ) ស្មើនឹង ១៨,៨៥% នៃ ផ.ស.ស. ឬកើនចំនួន ៧.៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥។ តាមការវាយតម្លៃ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២% សម្រាប់ឆ្នាំ២០២៥ និងប្រមាណ ៥,០% សម្រាប់ឆ្នាំ២០២៦ ស្របពេល ដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៣ ០២០ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ២ ៨៥៨ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ត្រូវបានគាំទ្រដោយវិស័យ និងអនុវិស័យ ជាចន្ទល់ជំរុញកំណើន រួមមាន ១. វិស័យឧស្សាហកម្ម ២. វិស័យសេវាកម្ម ៣. វិស័យកសិកម្ម ដែលបន្តគាំទ្រដោយ អនុវិស័យនេសាទ និងការចិញ្ចឹមសត្វ។ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៨%៕
អត្ថបទ៖ ប៊ី


