ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងតម្លៃជាង ៣១ លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដែលជាសមិទ្ធផលថ្មីមួយទៀត ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងក្រុងបាត់ដំបង និងតំបន់ជុំវិញ។

ពិធីសម្ពោធត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះចំណាយថវិកាសរុបប្រមាណ ៣១,៧៧ លានដុល្លារអាមេរិក ដែលជាគម្រោង​សហហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមដានជាមួយយើង៖ Million Times

គម្រោងនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សីមានៃក្រុងបាត់ដំបង ដោយបានចាប់ផ្តើមសាងសង់ក្នុងខែកក្កដា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលរួមមានស្ថានីយបូមទឹកឆៅមួយ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតសមត្ថភាព ៥០.០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងបណ្តាញចែកចាយប្រវែង ៩៤ គីឡូម៉ែត្រ។

ជាមួយការដាក់ឱ្យដំណើរការប្រព័ន្ធនេះ រដ្ឋាករទឹកបាត់ដំបងបានបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនជាងពីរដង និងពង្រីកការតភ្ជាប់បណ្តាញថ្មីជូនដល់ ១៦.៧៩៨ គ្រួសារបន្ថែមទៀត ដែលគ្របដណ្តប់ប្រមាណ ៧៦% នៃតំបន់សេវាកម្មរបស់ខ្លួន។

ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ​បង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកបាត់ដំបងពី ៣៣.៥២០ ម៣/ ថ្ងៃ ទៅដល់ ៨៣.៥២០ ម៣/ ថ្ងៃ, កើន ១៤៨%។ មានន័យថា បងប្អូនប្រជាពលរដ្ឋ រួមទាំងផលិតករ សេវាករ និងអាជីវករជាច្រើន នឹងអាចទទួលបានសេវាទឹកស្អាតដែលមានគុណភាព សុវត្ថិភាព ចីរភាព និងថ្លៃសមរម្យ ដើម្បីធ្វើឱ្យសុខុមាលភាពកាន់តែល្អប្រសើរ និងជីវភាពកាន់តែរីកចម្រើន។”

អ្នកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី បានរំលេចពីគុណប្រយោជន៍​ដ៏ទូលំទូលាយនៃគម្រោង ដោយលើកឡើងថា៖ “ការផ្គត់ផ្គង់ទឹកស្អាតដែលអាចទុកចិត្តបាន លើកកម្ពស់សុខភាពសាធារណៈ សន្សំពេលវេលាសម្រាប់គ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ចក្នុងមូលដ្ឋាន។ ខណៈដែលនគរូបនីយកម្មកំពុងមានសន្ទុះយ៉ាងលឿន ការទទួលបានទឹកស្អាតដែលមានសុវត្ថិភាព និងតម្លៃសមរម្យ មានសារសំខាន់ចំពោះផលិតភាព និងគុណភាពជីវិត។”

ដៃគូសំខាន់មួយទៀតរបស់គម្រោងគឺទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលបាននិងកំពុងគាំទ្រវិស័យទឹកស្អាតនៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ អ្នកស្រី Sandrine Boucher នាយិកាប្រចាំប្រទេសកម្ពុជា របស់ AFD បានលើកឡើងថា៖ “សមិទ្ធផលថ្មីនេះគឺលើសពីហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត។ វាគឺជាការវិនិយោគទៅលើប្រជាជន សុខភាពសាធារណៈ និងអនាគតរបស់ក្រុងបាត់ដំបង។ ខ្ញុំមានជំនឿ​ថាក្រុងបាត់ដំបងនឹងបន្តរីកចម្រើន សេដ្ឋកិច្ចរឹងមាំ ប្រកបដោយសមភាព និងសមធម៌ក្នុងសង្គម។”

គម្រោងនេះក៏បង្ហាញពីភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់វិស័យទឹកស្អាត រួមចំណែកកែលម្អជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍទីក្រុង និងតំបន់ប្រជុំជនប្រកបដោយចីរភាព​ និងបរិយាបន្ន៕

អត្ថបទ៖ ប៊ី