រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមអ្នកជំនាញ JICA បានរៀបចំសិក្ខាសាលាលើកទី ២ ស្ដីពីការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ទីក្រុងឆ្លាតវៃអូកាហ្សាគី នៃប្រទេសជប៉ុន សិក្ខាសាលានេះមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងគំនិតផ្ដួចផ្ដើមអំពីទីក្រុងឆ្លាតវៃ ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន។
កម្មពិធីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព លោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោក មីយ៉ាកិ ស៊ីហ្គិគិ (Miyake Shigeki) ប្រធានទីប្រឹក្សាគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន ម្ចាស់អាជីវកម្ម និងក្រុមនិស្សិតផងដែរ។
ក្នុងឱកាសនោះ លោក មីយ៉ាកិ ស៊ីគីកឹក បានលើកឡើងថា បទពិសោធន៍នៃការអភិវឌ្ឍទីក្រុងអូកាហ្សាគី នឹងក្លាយជាគំរូដ៏សំខាន់សម្រាប់ខេត្តសៀមរាប ក្នុងការរៀបចំផែនការអភិវឌ្ឍទីក្រុងឱ្យមានប្រសិទ្ធភាព និងសមស្របតាមបរិបទតំបន់។ លោកបានសង្កត់ធ្ងន់ថា ទីក្រុងអូកាហ្សាគីមានលក្ខណៈស្រដៀងគ្នាខ្លាំងនឹងក្រុងសៀមរាប ដោយមានដងស្ទឹងហូរកាត់ និងមានបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលទាមទារនូវការការពារ និងអភិរក្សយ៉ាងហ្មត់ចត់សម្រាប់មនុស្សជំនាន់ក្រោយ។

លោកប្រធានទីប្រឹក្សាគម្រោង បានបញ្ជាក់បន្ថែមថា ការសិក្សាពីលក្ខណៈស្រដៀងគ្នារវាងទីក្រុងទាំងពីរ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃប្រកបដោយនិរន្តរភាព ដែលមិនត្រឹមតែផ្អែកលើបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតលើការលើកកម្ពស់គុណភាពជីវិត និងការដោះស្រាយបញ្ហាទីក្រុងក្នុងរយៈពេលវែង តាមរយៈកិច្ចសហការរវាងវិស័យសាធារណៈ ឯកជន ស្ថាប័នអប់រំ និងការចូលរួមពីប្រជាពលរដ្ឋ។
លោកបានបន្តថា គោលគំនិតនៃទីក្រុងឆ្លាតវៃ ឆ្លុះបញ្ចាំងពីក្ដីប្រាថ្នារួមក្នុងការប្រើប្រាស់ នវានុវត្តន៍បច្ចេកវិទ្យាឌីជីថល ដើម្បីកែលម្អជីវភាពរស់នៅ បង្កើននិរន្តរភាពបរិស្ថាន និងភាពធន់។ ខណៈខេត្តសៀមរាបកំពុងរីកចម្រើនយ៉ាងរហ័ស ការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ការបង្កើនសុវត្ថិភាពសម្រាប់ប្រជាជន និងភ្ញៀវទេសចរ ព្រមទាំងការគ្រប់គ្រងទិន្នន័យទេសចរណ៍ គឺជាកិច្ចការអាទិភាពដែលត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ លោក យុន លីនណេ អភិបាលរងខេត្ត បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការចែករំលែកបទពិសោធន៍នេះ។ លោកមានប្រសាសន៍ថា ការអភិវឌ្ឍទីក្រុងឆ្លាតវៃគឺជាទិសដៅសកល ដែលខេត្តសៀមរាបចាំបាច់ត្រូវចាប់យក ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកើតចេញពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងប្រជាសាស្ត្រ។
លោកបានថ្លែងបន្តថា គម្រោងទីក្រុងឆ្លាតវៃអូកាហ្សាគិនៃប្រទេសជប៉ុន មិនត្រឹមតែប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែផ្ដោតសំខាន់លើការបង្កើនគុណភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហាក្នុងក្រុង និងបំពេញកាតព្វកិច្ចសម្រាប់មនុស្សជំនាន់ក្រោយ។

លោកអភិបាលរងខេត្តបានបង្ហាញក្ដីរំពឹងថា សិក្ខាសាលានេះនឹងផ្ដល់នូវចំណេះដឹងថ្មីៗដល់សិក្ខាកាមពាក់ព័ន្ធនឹងគំរូទីក្រុងឆ្លាតវៃ និងការអនុវត្តជាក់ស្ដែង, ការពង្រឹងកិច្ចសហការ រវាងវិស័យរដ្ឋ និងឯកជន (PPP) និងការបង្កើតឱកាសសម្រាប់យុវជន និងការជំរុញអាជីវកម្មបែបឌីជីថល។ ហើយលទ្ធផលនៃសិក្ខាសាលានេះ នឹងក្លាយជាចំណែកមួយយ៉ាងសំខាន់ក្នុងការជំរុញឱ្យក្រុងសៀមរាប ក្លាយជាទីក្រុងឆ្លាតវៃដែលមានផាសុកភាព ភាពទាក់ទាញ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនាពេលអនាគត៕
អត្ថបទ៖ ប៊ី



