ឧកញ៉ា ស្រ៊ៀត មុំសុភា ទទួលបានការតែងតាំងជាកុងស៊ុលកិត្តិយសបង់ក្លាដេស ប្រចាំនៅកម្ពុជា

ជា​រឿង​គួរឲ្យ​ស្ញប់ស្ញែង និង​ចូលរួម​អបអរ​សាទរ​ជាមួយ​ឧកញ៉ា ស្រ៊ៀត មុំសុភា នៅ​ថ្ងៃ ២៨ ខែ​មេសា ឆ្នាំ ២០២៦ កន្លង​ទៅ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា កុងស៊ុល​កិត្តិយស​បង់ក្លាដេស ប្រចាំ​នៅ​កម្ពុជា។ ពិធី​នោះ​ធ្វើឡើង ដើម្បី​បង្ហាញ​ពី​ការ​ពង្រឹង​ទំនាក់ទំនង​ការទូត និង​ការ​ប្តេជ្ញា​ចិត្ត​រួម​ក្នុង​ការ​អភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។

តាមដានជាមួយយើង៖ Million Times

កម្មវិធី​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​មាន​ការ​ចូលរួម​ពី​លោក កាស៊ី ហ្វៃយ៉ាស មួរស៊ីដ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋប្រជាមានិត​បង់ក្លាដេស ព្រមទាំង​ថ្នាក់ដឹកនាំ និង​តំណាង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ តំណាង​អង្គទូត​នានា លោក-លោកស្រី​ពី​សមាគម​ធុរកិច្ច និង​សហគមន៍​កម្ពុជា​–បង់ក្លាដេស ក្រុមហ៊ុន​ឯកជន​ជាតិ និង​អន្តរជាតិ សរុប​ជាង ២០០ នាក់។

ឧកញ៉ា ស្រ៊ៀត មុំសុភា បានលើកឡើងថា “ថ្ងៃនេះមិនត្រឹមតែជាការតែងតាំងជាផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែ​ជា​ការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងភាពជាដៃគូរវាងបង់ក្លាដែស និង​កម្ពុជា​ផងដែរ ដែល ជា​ទំនាក់ទំនង​ដែល​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ការ​ជឿ​ទុកចិត្ត ការ​គោរព​គ្នា​ទៅវិញទៅមក និង​ចក្ខុវិស័យ​រួម​សម្រាប់​ការ​រីកចម្រើន និង​កិច្ច​សហប្រតិបត្តិការ“។

ក្នុង​នាម​ជា​កុងស៊ុល​កិត្តិយស​បង់ក្លាដេស ប្រចាំ​នៅ​កម្ពុជា ឧកញ៉ា ស្រ៊ៀត មុំសុភា បញ្ជាក់​ថា បេសកកម្ម​របស់​ខ្លួន​គឺ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការ​ទូត និង​ស្ថាប័ន, គាំទ្រ និង​ការពារ​សហគមន៍​បង់ក្លាដេស​យ៉ាង​សកម្ម​នៅ​កម្ពុជា, លើក​កម្ពស់​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ទេសចរណ៍, កសាង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង​វប្បធម៌​ឲ្យ​កាន់តែ​រឹងមាំ។

រដ្ឋមន្ត្រី ហួត ហាក់ បាន​ថ្លែង​អបអរសាទរ​ជូន​ចំពោះ​ឧកញ៉ា ស្រ៊ៀត មុំសុភា ដែល​ត្រូវ​បាន​តែងតាំង​ជា​កុងស៊ុល​កិត្តិយស​ថ្មី និង​បាន​បញ្ជាក់​ថា ការ​តែងតាំង​នេះ មិន​ត្រឹម​តែ​ជា​កិត្តិយស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កាតព្វកិច្ច​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ រួម​ទាំង​ទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់រវាងប្រជាជនទៅប្រជាជន ដោយ​នេះ​ជាសញ្ញាបង្ហាញពីការជឿទុកចិត្ត និងការទទួលស្គាល់រវាងប្រទេសទាំងពីរ ដែល​នឹង​ជួយ​បង្កើន​ការ​តភ្ជាប់ និងបង្កើតឱកាសសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត។

កម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ចាប់តាំងពីឆ្នាំ១៩៩៣មក ដោយ​គិត​មកដល់​ឆ្នាំ ២០២៦ មាន​រយៈពេលប្រមាណ ៣៣ ឆ្នាំ ដែល​បាន​អភិវឌ្ឍ​ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​លើ​វិស័យ​ជាច្រើន រួមទាំង​វិស័យទេសចរណ៍ផងដែរ។


គួរ​បញ្ជាក់​ផង​ដែរ​ថា ឧកញ៉ា ស្រ៊ៀត មុំសុភា គឺជា​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Sophiya Cambodia Travel & Tours នៅ​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព៖ Oknha Sreat M. Sophear