ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសមត្ថកិច្ច ដែលបានចាត់វិធានការទប់ស្កាត់សកម្មភាពអវិជ្ជមាន ដែលប៉ះពាល់ដល់វិស័យទេសចរណ៍។

ការថ្លែងអំណរគុណ និងកោតសរសើរបែបនេះ បន្ទាប់ពីសមត្ថកិច្ចខណ្ឌដូនពេញ ចំណុះឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវបន្ទាន់ និងបានសាកសួរពលរដ្ឋ នៅក្បែរទីតាំងកើតហេតុ ក្រោយមានការផ្សព្វផ្សាយវីដេអូ នៅលើបណ្ដាញសង្គមថា មានបុរសម្នាក់បានប្រើសម្ដីមិនសមរម្យ និងគំរាមរកវាយទៅលើជនបរទេសម្នាក់ ជាអ្នកទេសចរ។

តាមរយៈទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២០ ខែមេសានេះ ឯកឧត្តម ហួត ហាក់ ក្នុងនាមរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះការចង្អុលបង្ហាញរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមជាមួយចំណាត់ការទាន់ពេលវេលារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានចាត់វិធានការទប់ស្កាត់សកម្មភាពអវិជ្ជមាន ដែលប៉ះពាល់ដល់វិស័យទេសចរណ៍។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានអរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងពិតជាបានឆ្លុះបញ្ចាំងពីការគំាទ្រ និងអនុវត្តយ៉ាងត្រឹមត្រូវតាមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាគឺ៖ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមជាសាធារណៈ ដោយមានបុរសម្នាក់បានប្រើសម្ដីមិនសមរម្យ និងគំរាមរកវាយទៅលើជនបរទេសម្នាក់ ជាអ្នកទេសចរ ខណៈជនបរទេសនោះឡាយវីដេអូ ហើយគ្រាន់និយាយសួរនាំសុខទុកធម្មតាទៅលើបុរសម្នាក់ នៅក្បែររបងវត្តឧណ្ណាលោមរួចមក, នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នគរបាលខណ្ឌដូនពេញ បានចុះស្រាវជ្រាវបន្ទាន់ និងបានសាកសួរពលរដ្ឋ និងអ្នករត់ម៉ូតូកង់បី នៅក្បែរទីតាំងកើតហេតុ។
បើតាមសមត្ថកិច្ច ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦មកម្លេះ ស្ថិតនៅក្បែររបងវត្តឧណ្ណាលោម នៅមូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបុរសម្នាក់បានប្រើសម្ដីមិនសមរម្យ និងគំរាមរកវាយទៅលើជនបរទេសម្នាក់នោះ ជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ ដើរគ្រប់ទីកន្លែង និងដេកតាមទីសាធារណៈ។ ករណីនេះកម្លាំងនគរបាល និងបន្តស្រាវជ្រាវរកបុរសនោះ នាំមកសួរនាំ ដើម្បីអនុវត្តតាមជំនាញ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងទេសចរណ៍



