ប្រជាពលរដ្ឋជិត ១២ម៉ឺននាក់ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈទៅលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយឥតគិតថ្លៃ។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។

គួរឱ្យដឹងថា អនុវត្តតាមណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំមធ្យោបាយរថយន្តក្រុងសាធារណៈ ជូនប្រជាពលរដ្ឋដំណើរទៅស្រុកកំណើត ដោយមិនបង់ប្រាក់ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី។

លោកស្រី ដោ សម្ផស្ស បានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសានេះថា ក្នុងរយៈពេល ៦ថ្ងៃ (១២-១៧ មេសា ២០២៦) ប្រជាពលរដ្ឋចំនួន ១១៩.៤៩០នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ដើម្បីទៅលេងស្រុកកំណើត និងដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។

អ្នកនាំពាក្យរដ្ឋបាលធានីភ្នំពេញ បានឱ្យដឹងបន្តថា តួលេខនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ មានការកើនឡើងប្រមាណ ៣៩%។
បើតាមរដ្ឋបាលធានីភ្នំពេញ ក្នុងរយៈពេល ៦ថ្ងៃ នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋមួយចំនួនបានកាត់បន្ថយការចំណាយ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ និងវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ប្រកបដោយស្នាមញញឹម ភាពរីករាយ និងសុខសុវត្ថិភាព៕
អត្ថបទ៖ វីរៈ រូបភាព៖ លោកស្រី ដោ សម្ផស្ស



