ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play កម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) នឹងរៀបចំកម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២ “Innovate Cambodia Accelerator Program Batch 2” ក្នុងខែមេសា ឆ្នាំ២០២៦។
ការរៀបចំកម្មវិធីនេះ ក្នុងទិសដៅបន្តចូលរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល និងប្រែក្លាយកម្ពុជា ជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលមួយនៅក្នុងតំបន់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

សេចក្ដីជូនដំណឹងនេះ បានឱ្យដឹងបន្តថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថល ទទួលបានការបណ្តុះបណ្តាលពន្លឿនអាជីវកម្ម អភិវឌ្ឍផលិតផលឌីជីថល និងពង្រីកខ្លួនទៅកាន់ទីផ្សារក្នុងតំបន់ ក៏ដូចជាឱកាសចាប់យកវិនិយោគទុនពីក្នុងស្រុក និងក្រៅប្រទេស។

ក្រសួងប្រៃសណីយ៍ បានលើកឡើងថា ភាពជោគជ័យនៃកម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី១ “Innovate Cambodia Accelerator Program Batch 1” គឺជាចំណុចដ៏សំខាន់នៅក្នុងជំហានវិវត្តជាវិជ្ជមានរបស់ធុរកិច្ចថ្មីឌីជីថលកម្ពុជា ដោយបានផ្សារភ្ជាប់ស្ថាបនិកធុរកិច្ចថ្មីក្នុងស្រុក ទៅកាន់គ្រូបង្វឹក ក្រុមហ៊ុន និងអ្នកវិនិយោគអន្តរជាតិ តាមរយៈបណ្តាញ និងដៃគូសហការអន្តរជាតិនានារបស់ Plug and Play។

ក្នុងនោះដែរ ធុរកិច្ចថ្មីឌីជីថល Bamnang Academy ត្រូវបានមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជ្រើសរើសជាក្រុមហ៊ុនទី១ របស់កម្ពុជា ដើម្បីវិនិយោគនិងជំរុញឱ្យក្លាយទៅជាក្រុមហ៊ុនកម្រិតអន្តរជាតិមួយនៅក្នុងតំបន់។ បន្ថែមពីនេះមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ក៏កំពុងតែជ្រើសរើសធុរកិច្ចថ្មីឌីជីថល រដូវកាលទី១ បន្ថែមទៀត ដើម្បីធ្វើការវិនិយោគផងដែរ។
បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលនេះ នឹងបើកជូនធុរកិច្ចថ្មីឌីជីថលទាំងអស់ ចុះឈ្មោះចូលរួមចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ សម្រាប់ធុរកិច្ចថ្មីឌីជីថលទាំងអស់ ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ អាចដាក់ពាក្យសើ្នសុំតាមរយៈតំណរភ្ជាប់ https://go.gov.kh/mptc/pnp-icap៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍


