នាយក និងស្ថាបនិកសាលាបង្វឹកស្តាតអាប់ លោកគ្រូ គីម ដារ៉ា បានលើកឡើងពីការសន្សំប្រាក់ ដើម្បីក្លាយជាអ្នកមាន។ ក្នុងវីដេអូ podcast មួយលោកបានពន្យល់ថាមនុស្សដែលអាចក្លាយជាអ្នកមានបាន គឺត្រូវតែចាយតិចជាងចំណូល ទើបអាចសល់ប្រាក់សន្សំ។


លោកគ្រូ គីម ដារ៉ា បានលើកឡើងថា នៅលើលោកនេះគ្មានអ្នកមានរូបណា ចាយច្រើនជាងចំណូល ហើយអាចក្លាយជាអ្នកមានបានទេ។ ព្រោះគ្រប់អ្នកមានទាំងអស់នៅលើលោកនេះ សុទ្ធតែចាយតិចជាងចំណូលដូចគ្នា បានអាចមានប្រាក់សន្សំសេសសល់យកទៅវិនិយោគ ទើបមានឱកាសមានបាន។

ស្ថាបនិកសាលាបង្វឹកស្តាតអាប់រូបនេះបានបញ្ចេញលើកឧទាហរណ៍មកថា អ្នកមានចំណូល ២០០-៣០០ ដុល្លារ មិនមែនមានចំណូលថេរបែបនោះរហូតទេ តែបើមានទម្លាប់សន្សំនៅអាចសេសសល់បានខ្លះ។ ផ្ទុយទៅវិញ បើគ្មានទម្លាប់សន្សំហើយនោះប្រាក់ខែ ៥ ០០០ ដុល្លារក៏មិនសល់ដែរ។

ក្នុងវីដេអូនោះ លោកជាទស្សនៈថា ការសន្សំគឺជាការបង្កើតទម្លាប់ ឲ្យសល់លុយ។ បើមិនមានទម្លាប់សន្សំលុយ ទោះមានប្រាក់ចំណូល ឬប្រាក់ខែប៉ុន្មានក៏ចាយអស់ៗដែរ ព្រោះខួរក្បាលបញ្ជាធ្វើម៉េចឲ្យតែគ្រប់ៗរហូត។
នាយក និងស្ថាបនិកសាលាបង្វឹកស្តាតអាប់ បានបន្តទៀតថា ប្រសិនបើចង់មានត្រូវសន្សំ ចេះទុកដាក់ ត្រូវទម្លាក់ចាយតិចជាងចំណូល។ ក្នុងវីដេអូចែករំលែកនោះ លោកគ្រូ គីម ដារ៉ា បានបន្ថែមទៀតថា បើកាលណាចេះសន្សំតាំងពីប្រាក់ខែ/ចំណូល ២០០-៣០០ ដុល្លារឡើង ពេលមានប្រាក់ ៥ ០០០ ដុល្លារ ក៏ការសន្សំកាន់តែបានច្រើនឡើងៗទៅតាមនោះដែរ។

ជាចុងក្រោយលោកគ្រូថា វិធីងាយស្រួលមួយទៀត អាចយកប្រាក់ផ្ញើនៅធនាគារ ហើយចាំយកតែការប្រាក់ក៏បានដូចគ្នាដែរ។ ឱកាសល្អមកដល់ អាចមានលទ្ធភាពគ្រប់គ្រាន់ទិញដី ទិញផ្ទះបាន៕
អត្ថបទ៖ឆដា, រូបភាព៖ Dara Kim