សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងក្នុងពិធីបើកសម្ពោធជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)”។
អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដែលត្រូវបានចំណាយទុនវិនិយោគសរុប ២,៣០០ (ពីរពាន់បីរយ) លានដុល្លារអាម៉េរិក និងបានសាងសង់នៅលើផ្ទៃដីសរុប ទំហំ ២,៦០០ (ពីរពាន់ប្រាំមួយរយ) ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២៦គីឡូម៉ែត្រពីចំណុចកណ្ដាលរាជធានីភ្នំពេញ។
ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដែលបានទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ និងសាងសង់អាកាសយានដ្ឋានអន្តរជាតិ ដែលបច្ចុប្បន្នមានឈ្មោះជាផ្លូវការថា អាកាសយានដ្ឋានអន្តរជាតិតេជោ Techo International Airport (KTI) ដែលប្រសិទ្ធនាមដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។


ការវិនិយោគសាងសង់ KTI (ដំណាក់កាលទី១) មានចំនួន ២,៣០០ លានដុល្លារអាម៉េរិកដោយរួមបញ្ចូលចំណាយសាងសង់ស្ថានីយអ្នកដំណើរ ស្ថានីយអ្នកដំណើរពិសេស (VVIP Terminal) ទីលានចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ប្រតិបត្តិការអាកាសយានដ្ឋាន រួមមានផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ ចំណាយហិរញ្ញប្បទាន និងចំណាយសម្រាប់ការផ្ទេរប្រតិបត្តិការពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មក KTI។
ទុនវិនិយោគ គឺប្រើដើមទុនផ្ទាល់របស់ក្រុមហ៊ុន OCIC និងការចូលរួមទុនតាមរយៈមូលបត្របំណុល ពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក។ អាកាសយានដ្ឋានអន្តរជាតិស្តង់ដារកម្រិត 4F នេះ ត្រូវបានគ្រប់គ្រង និងសាងសង់ទាំងមូលដោយក្រុមហ៊ុន OCIC និងក្រុមហ៊ុន CAIC។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់រួមមានបីដំណាក់កាល ដោយដំណាក់កាលទី ១ មានសមត្ថភាពអាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី ២ អាចទទួលអ្នកដំណើរបាន ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី ៣ អាចទទួលអ្នកដំណើរបាន ៥០ លាននាក់ក្នុងមួយឆ្នាំ។
ផ្អែកតាមកម្មវិធីការងារបានចំណាយពេលសាងសង់ចំនួនជាង ៥ ឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២០ និងបញ្ចប់នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥៕
អត្ថបទ៖ ប៊ី