ស្ថាប័នជំនាញ ក្រើនរំលឹកអ្នកប្រើហ្វេសប៊ុកដែលគណនី Disable ពេលទៅរកសេវាកម្មដោះស្រាយបញ្ហាកុំទាន់បង់ប្រាក់

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលគណនីត្រូវបានបិទ (Disable) ហើយដែលស្វែងរកសេវាកម្មដោះស្រាយបញ្ហា កុំទាន់បង់ប្រាក់សម្រាប់ថ្លៃសេវាកម្ម ព្រោះអាចចំណាយថវិកាដោយមិនទទួលបានលទ្ធផល។

តាមដានជាមួយយើង៖ Million Times

សេចក្ដីជូនដំណឹងនៅថ្ងៃទី ១៨ ខែតុលានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ស្ថាប័នរបស់ខ្លួន បានឃើញមានការផ្សព្វផ្សាយ ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ដែលគណនីរបស់ពួកគេត្រូវបានបិទ (Disable) ដោយមិនមានមូលហេតុច្បាស់លាស់។

ទន្ទឹមនឹងនេះ នាយកដ្ឋាន ក៏បានសង្កេតឃើញថា មានបុគ្គលមួយចំនួនបានប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយ សេវាកម្មដោះស្រាយបញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) ដោយគិតថ្លៃសេវាកម្មចន្លោះពី ៥០០ដុល្លារ ដល់ ១,២០០ដុល្លារ។

ទាក់ទងនឹងបញ្ហានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹក និងជូនដំណឹងដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលគណនីត្រូវបានបិទ (Disable) កុំទាន់បង់ប្រាក់សម្រាប់សេវាកម្មដោះស្រាយបញ្ហាដោយបុគ្គលឯកជន ដោយសារអាចចំណាយថវិកាដោយមិនទទួលបានលទ្ធផល។

ម្យ៉ាងទៀត សូមប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់សេវាកម្មដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការទទួលស្គាល់ផ្លូវការពីក្រុមហ៊ុន Meta ឬស្ថាប័នដែលមានសមត្ថកិច្ច។ នាយកដ្ឋាន ដដែល បានបញ្ជាក់ថា បញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled)ជាករណីដែលអាចបណ្តាលមកពីក្រុមហ៊ុន Meta ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ។ ដូច្នេះ សូមអ្នកប្រើប្រាស់រង់ចាំដំណោះស្រាយផ្លូវការពីក្រុមហ៊ុន Meta។

ករណីនេះ មិនទាន់មានអំណះអំណាងណាមួយពិតប្រាកដថា មូលហេតុការបិទគណនីហ្វេសប៊ុកមកពីអ្វីនោះទេ។ ដូច្នេះ សូមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការប្រុងប្រយ័ត្ន និងទាក់ទងទៅក្រុមហ៊ុន Meta ដោយផ្ទាល់សម្រាប់ការដោះស្រាយបញ្ហា៕

អត្ថបទ៖​ វីរៈ រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា