ដើម្បីបង្កើតស្ថាប័នឯកជនថ្នាក់ជាតិមួយ សម្រាប់សម្របសម្រួល និងលើកកម្ពស់គុណតម្លៃ ក៏ដូចជាទំនុកចិត្តលើវិស័យស្វាយកម្ពុជាទាំងមូលនោះ, ក្រុមអ្នកផលិត អ្នកកែច្នៃ អ្នកជួញដូរ និងតួអង្គពាក់ព័ន្ធក្នុងវិស័យស្វាយកម្ពុជា បានប្រមូលផ្តុំគ្នាបង្កើតជា សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CDF)។ នេះបើយោងតាមការឱ្យដឹងពីលោកស្រី អ៊ន់ ផល្លា តំណាងក្រុមការងារសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា នៅក្នុងពិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហព័ន្ធ កាលពីថ្ងៃទី១៧ ខែតុលា នៅខេត្តសៀមរាប។


ប្រភពព័ត៌មានពីមន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងឱកាសនោះ លោកស្រី អ៊ន់ ផល្លា លើកឡើងថា ការបង្កើតសហព័ន្ធនេះ គឺសំដៅធ្វើឱ្យទីផ្សារក្នុងស្រុក និងអន្តរជាតិបានស្គាល់ គាំទ្រ និងទទួលស្គាល់កម្ពុជា ជាប្រភពផ្គត់ផ្គង់ស្វាយដ៏សំខាន់ ប្រកបដោយគុណភាព ភាពប្រកួតប្រជែង និរន្តរភាព និងការពារបរិស្ថាន។ តាមរយៈនេះ ដំណាំស្វាយនឹងក្លាយជាផ្នែកសំខាន់មួយ ដែលជួយលើកកម្ពស់ជីវភាពកសិករ បង្កើនសេដ្ឋកិច្ចសម្រាប់គ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
តំណាងក្រុមការងារសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា បានឱ្យដឹងបន្តថា តាមរបាយការណ៍របស់ក្រសួងកសិកម្ម ផលិតកម្មស្វាយរបស់កម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅឆ្នាំ ២០២៤ ទិន្នផលស្វាយសរុបនៅទូទាំងប្រទេស មានប្រមាណ ២,២លានតោន លើផ្ទៃដីដាំដុះប្រមាណ ១៥ម៉ឺនហិកតា។ បរិមាណផលិតផលស្វាយនេះ បានរួមចំណែកដល់សេដ្ឋកិច្ចជាតិប្រមាណជាជាង ៥០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
ទោះយ៉ាងណា លោកស្រី អ៊ន់ ផល្លា ទទួលស្គាល់ថា វិស័យស្វាយនៅមានចំណុចខ្សោយលើការកែច្នៃផ្លែស្វាយ និងទីផ្សារនាំចេញ ដែលចាំបាច់ត្រូវគៀងគរវិនិយោគិនឱ្យមកបោះទុនលើការកែច្នៃ ដើម្បីឱ្យកម្ពុជាអាចនាំចេញស្វាយដោយផ្ទាល់ ទៅកាន់ទីផ្សារចុងក្រោយនៃប្រទេសនាំចូល។

ចំណែកឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលស្គាល់ថា ដំណាំស្វាយនៅតែមានឧបសគ្គច្រើនដែលត្រូវរួមគ្នាដោះស្រាយ ជាពិសេសបញ្ហានៅរដូវប្រមូលផលដែលតម្លៃធ្លាក់ចុះ និងកង្វះខាតការកែច្នៃក្រៅពីយកទៅចោល ឬធ្វើជីតិចតួច។ ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ បានគិតគូរគ្រប់ជ្រុងជ្រោយ ក្នុងការជួយដល់វិស័យកសិកម្ម ហើយការបង្កើតសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជានេះ ជាផ្នែកមួយនៃការជំរុញវិស័យស្វាយឱ្យរីកចម្រើន។
ឯកឧត្តម បានបន្ថែមថា សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជានាពេលអនាគត នឹងមានតួនាទីសំខាន់ៗដូចជា៖ ជាផ្នែកមួយក្នុងការរៀបចំ និងអនុវត្តន៍គោលនយោបាយជាតិ ស្តីពី ដំណាំស្វាយនៅកម្ពុជា, ធ្វើបច្ចុប្បន្នភាពទិន្នន័យស្វាយជាប្រចាំ ដើម្បីរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយជោគជ័យ និងនិរន្តរភាព, ផ្សព្វផ្សាយទូលំទូលាយអំពីផលិតផលស្វាយកម្ពុជាទៅលើឆាកអន្តរជាតិ តាមរយៈការចូលរួមពិព៌ណពាណិជ្ជកម្ម និងសកម្មភាពពាក់ព័ន្ធ។
ម្យ៉ាងទៀត សហព័ន្ធនេះ ក៏នឹងប្រមូលកៀរគរ និងសម្របសម្រួលផលិតករ ពាណិជ្ជករ អ្នកនាំចេញ សំដៅជំរុញការប្រើប្រាស់ក្នុងស្រុក និងការនាំចេញស្វាយស្រស់ និងផលិតផលកែច្នៃ និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យស្វាយ ព្រមទាំងស្វែងរកជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ ដើម្បីពង្រឹងផលិតកម្ម និងពង្រីកទីផ្សារ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម