ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ស្ថិតនៅក្រោមវិធានប្រុងប្រយ័ត្នយ៉ាងតឹងរឹង និងមានកម្រិតសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការសាច់ប្រាក់របស់អតិថិជន។


ការបញ្ជាក់នេះ គឺបន្ទាប់ពីមានអតិថិជននៅតាមធនាគារខ្លះមានការបារម្ភ ហើយបានទៅដកប្រាក់របស់ខ្លួនវិញ ជាពិសេសនៅធនាគារ ព្រីនស៍ ម.ក.។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌ មានរបស់ធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា នៅល្ងាចថ្ងៃទី ១៨ ខែតុលានេះ។
សេចក្ដីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ស្ថិតនៅក្រោមវិធានប្រុងប្រយ័ត្នយ៉ាងតឹងរឹង និងមានកម្រិតសន្ទនីយភាព (សាច់ប្រាក់) គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការសាច់ប្រាក់របស់អតិថិជន។
ប្រភពដដែល បានបញ្ជាក់ទៀតថា ចំពោះព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ ពាក់ព័ន្ធនឹងធនាគារ ព្រីនស៍ ម.ក. អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បាននិងកំពុងចាត់វិធានការត្រួតពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា ធនាគារនេះមានអនុលោមភាពត្រឹមត្រូវតាមច្បាប់កម្ពុជា។
បន្ថែលើនេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងចាត់វិធានការចាំបាច់នានា ដើម្បីធានាប្រតិបត្តិការជាប្រក្រតីនូវគណនីទាំងឡាយ របស់អតិថិជននៅធនាគារ ព្រីនស៍ ម.ក. និងជាពិសេសដើម្បីធានានូវសុវត្ថិភាពសាច់ប្រាក់របស់អតិថិជនរបស់ធនាគារនេះ៕
អត្ថបទ៖ វីរៈ រូបភាព៖ ធនាគារជាតិនៃកម្ពុជា