ក្រុមហ៊ុនមួយ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយដំណាក់កាលដំបូង ត្រៀមដីទំហំ ២៧០ហិកតា។
ក្រុមហ៊ុននេះ មានឈ្មោះថា Golden Port SEZ Development Co., Ltd.។ កាលពីថ្ងៃទី ២៩ ខែកក្កដា លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមួយនេះ បានជួបជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។
ក្នុងជំនួបនេះ លោក កាំង ឡេង បានធ្វើបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ដែលក្នុងដំណាក់កាលដំបូងក្នុងទំហំផ្ទៃដីប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។
លោក ជា វុទ្ធី បានអបអរសាទរចំពោះគម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ដែលនឹងចូលរួមចំណែកធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា។ ក្នុងនោះដែរ លោកបានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា រង់ចាំដោយក្តីរីករាយក្នុងការផ្តល់កិច្ច សម្រួលគ្រប់បែបយ៉ាងជូនក្រុមហ៊ុន។
នៅក្នុងជំនួបដដែលនេះ មន្ត្រីជំនាញ បានធ្វើបទបង្ហាញអំពីការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា និងនីតិវិធីចុះបញ្ជីវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ជូនគណៈប្រតិភូឲ្យកាន់តែយល់ច្បាស់ពីស្ថានភាព នៃបរិយា កាសវិនិយោគបច្ចុប្បន្ននៅកម្ពុជា និងភាពសាមញ្ញនៃនីតិវិធីស្នើសុំ វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស៕
អត្ថបទ៖វីរៈ រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា