ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានណែនាំឱ្យម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវចូលរួមទប់ស្កាត់ជនឆ្លៀតឱកាស ទិញប្រេងឥន្ធនៈក្នុងទ្រង់ទ្រាយធំយកទៅស្តុកទុក ដែលអាចធ្វើឱ្យប៉ះពាល់ការផ្គត់ផ្គង់ក្នុងខេត្ត។

ការណែនាំនេះ ដោយសារឯកឧត្តមសង្កេតឃើញថា មានជនឆក់ឱកាសមួយក្តាប់តូចបានដំឡើងថ្លៃប្រេងឥន្ទនៈខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម និងជនមួយចំនួនទៀតបានសម្រុកទៅទិញប្រេងឥន្ទនៈដើម្បីស្តុកទុក ដែលបានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់ និងសណ្តាប់ធ្នាប់ល្អនៅក្នុងភូមិសាស្រ្តខេត្ត។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៩ មន្ទីររ៉ែនិងថាមពល និងមន្ទីរពាណិជ្ជកម្ម បន្តតាមដាននូវភាពមិនប្រក្រតីនេះ ដែលក្នុងនោះមានវិធានការចំនួន ២ ដែលត្រូវយកចិត្តទុកដាក់។ វិធានការទាំង ២នោះ រួមមាន៖
ទី១. ម្ចាស់ស្ថានីយទាំងអស់ ត្រូវបន្តបើកដំណើរការអាជីវកម្មចាក់ប្រេងជាធម្មតាជូនប្រជាពលរដ្ឋដែលមានយានជំនិះផ្សេងៗ និងចូលរួមទប់ស្កាត់ជនឆ្លៀតឱកាសទាំងឡាយណា ដែលមកជាវប្រេងក្នុងទ្រង់ទ្រាយធំ ក្នុងគោលបំណងយកទៅស្តុកទុក ដែលធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ នៃការផ្គត់ផ្គង់ប្រេងជាប្រក្រតីនៅក្នុងខេត្ត។
ទី២. យកចិត្តទុកដាក់លើតម្លៃប្រេងដែលកំណត់ដោយស្ថានីយមួយចំនួន ក្នុងករណីរកឃើញថា ស្ថានីយប្រេងឥន្ទនៈណាមួយ បានកំណត់តម្លៃខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ម្ចាស់ស្ថានីយប្រេងឥន្ទនៈ នោះនឹងត្រូវទទួលការព្រមាន និងអាចឈានទៅរកការបិទស្ថានីយប្រេងឥន្ទនៈនោះជាអចិន្ត្រៃយ៍ផងដែរ។
រដ្ឋបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាសណ្តាប់ធ្នាប់របៀបរៀបរយល្អក្នុងសង្គម សាមគ្គីគ្នាក្នុងគ្រាលំបាក និងលុបបំបាត់ចោលនូវទម្លាប់ឆក់ឱកាសកេងចំណេញ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបការលំបាក និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ចៀសវាងការតក់ស្លុត ឬការបារម្ភ ដែលអាចអនុញ្ញាតឱ្យជនឆ្លៀតឱកាសបង្កើតភាពវឹកវរ ធ្វើឱ្យបាត់សណ្តាប់ធ្នាប់ក្នុងសង្គមបាន៕
អត្ថបទ៖ វីរៈ រូបភាព៖ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ


