ព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួន និងប្រគល់ភារ​កិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋឲ្យទទួលស្វាគមន៍លោក តូ ឡឹម

នៅ​ព្រឹក​ថ្ងៃ​៦ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រសួង​ព្រះ​បរម​រាជ​វាំង បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា ព្រះ​មហាក្សត្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​អង្គ​ទ្រង់​ប្រឈួន ពុំ​អាច​បំពេញ​ព្រះ​រាជកិច្ច​បាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជា​ប្រមុខរដ្ឋ​ឲ្យ​ទទួល​ស្វាគមន៍​លោក តូ ឡឹម អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅ​ក្នុង​ព្រះ​បរមរាជវាំង។

តាមដានជាមួយយើង៖ Million Times

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ព្រះបរមរាជវាំង​មាន​ខ្លឹមសារ​ថា៖ ក្រសួង​ព្រះបរមរាជវាំង មាន​កិត្តិយស​សូម​ជម្រាប​ជូន សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​នៃ​ក្រសួង-ស្ថាប័ន និង​រាជធានី-ខេត្ត ព្រមទាំងសាធារណជនទាំងអស់ សូមមេត្តាជ្រាបថា ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ជាទី​គោរពសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​ទ្រង់ប្រឈួន ពុំ​អាច​បំពេញ​ព្រះរាជ​កិច្ច​បាន។

យោងតាមមាត្រា១១ថ្មី នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រះអង្គ​សព្វ​ព្រះ​រាជហឫទ័យ ប្រោស​ព្រះរាជ​ទាន សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ ជួយ​ទទួល​ក្នុង​ព្រះ​បរម​នាម​ជា​ប្រមុខ​រដ្ឋ នៃ​ព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​មជ្ឈិម គណបក្ស​កុម្មុយនីស្ត​វៀតណាម និង​គណៈប្រតិភូជាន់ខ្ពស់ ក្នុង​ឱកាស​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងព្រះបរមរាជវាំង នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

សេចក្តីដូចបានជម្រាបជូនខាងលើនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ លោកលោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាប តាមការគួរ៕

អត្ថបទ៖ ឆដា, រូបភាព៖Samdech Hun Sen of Cambodia