សម្ដេចតេជោ អបអរសាទរ និងស្វាគមន៍ទីម័រឡេស្តេ ដែលបានចូលជាសមាជិកអាស៊ានជាផ្លូវការ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអបអរសាទរ និងស្វាគមន៍ចំពោះប្រទេសទីម័រឡេស្តេ ដែលបានចូលជាសមាជិកពេញសិទ្ធិនៃសមាគមអាស៊ានជាផ្លូវការ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

តាមដានជាមួយយើង៖ Million Times

ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ មេដឹកនាំអាស៊ាន រួមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពី ការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ។  

សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតអបអរសាទរជូនឯកឧត្តម ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា ប្រធានាធិបតីប្រទេសទីម័រឡេស្តេ ក្នុងទិវាជាប្រវត្តិសាស្រ្តដែលទីម័រឡេស្តេ បានចូលជាសមាជិកពេញសិទ្ធិនៃសមាគមអាស៊ានជាផ្លូវការ។

ក្នុងនាមព្រឹទ្ធសភាកម្ពុជា និងក្នុងសម្ដេចផ្ទាល់ សម្ដេចសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុត ចំពោះឯកឧត្តមប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនជាទីរាប់អាននៃប្រទេសទីម័រឡេស្តេ ចំពោះសមិទ្ធផលដ៏ស័ក្តិសមនឹងទទួលនេះ។

ក្នុងសារលិខិតដដែល បានលើកឡើងថា ប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយជាអនេក ដែលមានទីម័រឡេស្ដេ ជាសមាជិកនៃគ្រួសារអាស៊ាន ហើយក៏មានមោទនភាពយ៉ាងខ្លាំងក្នុងនាមជាមិត្ត និងជាដៃគូមិនងាករេក្នុងដំណើរនេះ ចាប់តាំងពីការទទួលយកទីម័រឡេស្ដេ ជាគោលការណ៍ជាសមាជិកទី១១ នៃអាស៊ាន ក្នុងសន្និសីទកំពូល អាស៊ានលើកទី៤០ និង៤១ នៅប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្នុងបរិការណ៍សកលលោក ដែលកាន់តែស្មុគស្មាញនាពេលបច្ចុប្បន្ន ការចូលរួមជាសមាជិកពេញសិទ្ធិនៃទីម័រឡេស្តេ គឺចំពេលវេលា និងមានតម្លៃសម្រាប់ការពង្រឹងការឯកភាពរបស់សមាគមអាស៊ាន។

ខ្លឹមសារលិខិតរបស់សម្ដេចប្រធានព្រឹទ្ធសភាកម្ពុជា បន្ថែមទៀតថា «នៅពេលដែលតំបន់របស់យើងកំពុងប្រឈមនឹងបញ្ហាជាច្រើន ទាំងក្នុងប្រទេសតំបន់ និងអន្តរជាតិ ការចូលរួមសកម្ម និងប្រកបដោយគោលការណ៍របស់ទីម័រឡេស្តេ នឹងរួមចំណែកដ៏មានអត្ថន័យក្នុងការសម្រេចបាននូវចក្ខុវិស័យរួមនៃតំបន់មួយប្រកបដោយសន្តិភាព ភាពធន់ និងវិបុលភាព»។

សម្ដេចតេជោ ហ៊ុន សែន ជំនឿជាក់ថា ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងទីម័រឡេស្តេ នឹងកាន់តែរឹងមាំ ក្រោមសមាជិកភាពរួមគ្នានៅក្នុងអាស៊ាន ហើយសម្ដេចទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា ប្រធានាធិបតីប្រទេសទីម័រឡេស្តេ ដើម្បីជំរុញការអភិវឌ្ឍប្រកប​ដោយចីរភាព និងវិបុលភាពឋិតថេរសម្រាប់ប្រទេសទាំងពីរ និងសហគមន៍អាស៊ាន៕

អត្ថបទ៖ វីរៈ រូបភាព៖ ព្រឹទ្ធសភា