មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា នៅយប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ បានបញ្ចូនជនជាតិកូរ៉េចំនួន ៦៤នាក់ ក្នុងនោះមានស្ត្រី ៥នាក់ ដែលជាប់ពាក់ព័ន្ធករណីឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដើម្បីឱ្យរដ្ឋាភិបាលកូរ៉េ ចាត់វិធានការ និងអនុវត្តនីតិវិធីបន្ត។


លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេក វិទ្យាហៅកាត់ថា គ.ប.ឆ.ប. បានបញ្ជាក់ថា ការបញ្ជូនជនជាតិបរទេសឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា មានការជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ គឺជាផ្នែកនៃការអនុវត្តនីតិវិធីច្បាប់ និងប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃយន្តការ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ហើយដែលក្រសួងស្ថាប័ន សមត្ថកិច្ចជំនាញ តែងតែអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានេះ។

កន្លងមក កម្ពុជាបានបញ្ជូនជនជាតិកូរ៉េចំនួន ១៨០នាក់ ឱ្យត្រឡប់ទៅប្រទេកូរ៉េវិញរួចមកហើយ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែបានស្នើការសហការពីអាជ្ញាធរសមត្ថកិច្ច នៃរដ្ឋាភិបាលកូរ៉េ ដើម្បីមកទទួលជនជាតិរបស់ខ្លួន ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីបន្តចាត់វិធានការ។
ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលេខាធិការដ្ឋាន គ.ប.ឆ.ប. បានស្នើសុំកិច្ចសហការជាមួយសមត្ថកិច្ចជំនាញនៃរដ្ឋាភិបាលកូរ៉េ ក្នុងការបន្តស្រាវជ្រាវស៊ីជម្រៅ ដើម្បីឆ្ពោះទៅវែកមុខបណ្តាញអង្គការចាត់តាំង និងប្រភពដែលនៅពីក្រោយការឆបោកអនឡាញនេះ ដោយផ្អែកលើវត្ថុតាង ដែលអាជ្ញាធរកម្ពុជារឹបអូសបាន ក្នុងប្រតិប្រតិបត្តិការពីបណ្តារាជធានីខេត្ត នៅកម្ពុជា៕
អត្ថបទ៖ វីរៈ រូបភាព៖ ឯកឧត្តម ទេព អស្នារិទ្ធ