លោក Wang Wenbin ចុះបំពេញការងារជាលើកដំបូង បន្ទាប់ពីមកដល់ប្រទេសកម្ពុជារយៈពេល ៧ថ្ងៃ

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចុះបំពេញការងារជាលើកដំបូង បន្ទាប់ពីលោកបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី ៥ ខែកក្កដាកន្លងទៅនេះ។ លោកត្រូវបានតែងតាំងជំនួសលោក Wang Wentian ដែលទើបបញ្ចប់អាណត្តិកាលពីពេលថ្មីៗនេះ។

ការចុះបំពេញការងារលើកដំបូងរបស់លោក គឺបានរួមដំណើរជាមួយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង។

តាមដានជាមួយយើង៖ Million Times

ក្នុងពេលមកដល់កម្ពុជា កាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន លោក Wang Wenbin បានធ្វើដំណើរមហាវិថីស៊ីជីនពីង មហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះសីហនុ មហាវិថីម៉ៅសេទុង មុនទៅដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា។

លោក Wang Wenbin បានបង្ហោះសារនៅលើហ្វេសប៊ុកថា លោក នឹងសហការជាមួយភាគីពាក់ព័ន្ធក្នុងប្រទេសកម្ពុជា ដើម្បីបន្តមរតកនៃចំណងមិត្តភាពរវាងចិន-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ​ឲ្យទទួលបាននូវសមិទ្ធផលផ្លែផ្កាកាន់តែច្រើន និងផ្តល់ប្រយោជន៍ជូដល់ប្រជាជន នៃប្រទេសទាំងពីរ។  

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី ១១ ខែកក្កដានេះថា ការចុះពិនិត្យនេះ ក្នុងគោលបំណងដើម្បីពិនិត្យមើលទីតាំងបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ដែលកំពុងសាងសង់ដោយពន្លឿនការងារឲ្យបានទាន់ពេលវេលា និងរៀបចំសណ្តាប់ធ្នាប់នៅទីតាំងប្រារព្ធពិធីឲ្យបានរៀបរយ រៀបចំចរាចរណ៍ ព្រមធ្វើឲ្យសម្ពោធនេះប្រព្រឹត្តទៅដោយជោគជ័យ។

បើតាមក្រសួងសាធារណការ ពិធីប្រសិទ្ធនាមឈ្មោះផ្លូវនេះ គ្រោងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកក្កដាខាងមុខ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។

ពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង នឹងប្រារព្ធឡើងនៅក្នុងភូមិសាស្ត្រ ភូមិជម្ពូវ័ន ២ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្ថិតនៅចំណុចរង្វង់មូល ក្បែរផ្លូវជាតិលេខ ៤៕

អត្ថបទ៖​ វីរៈ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន