ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី, កម្ពុជា-កូរ៉េ គ្រោងចុះហត្ថលេខាលើឯកសារពាក់ព័ន្ធនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ

កម្ពុជា-កូរ៉េខាងត្បូង គ្រោងចុះហត្ថលេខាលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាពាក់កណ្ដាលខែឧសភានេះ។

ប្រមុខរាជរដ្ឋាភិបាល នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១៥ ដល់ ១៨ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ១៣ ខែឧសភានេះ បានឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលអមដំណើរសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។

ប្រភពពីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងបន្តថា ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតី យួន សកយ៉ល ដោយភាគីទាំងពីរ នឹងពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ឲ្យឈានទៅកម្រិតថ្មី។

ក្រៅពីនេះទៀត ថ្នាក់ដឹកនាំកម្ពុជា-កូរ៉េខាងត្បូង នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែក ជាមួយលោកនាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ (Han Duck-soo) និងលោកប្រធានរដ្ឋសភា គីម ជីនផ្សំ (Kim Jin-pyo)។

បន្ថែមលើនេះទៀត សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េខាងត្បូង និងជួបជាមួយក្រុមហ៊ុន កូរ៉េសំខាន់ៗមួយចំនួន ហើយនឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅកូរ៉េខាងត្បូង ផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកក្រសួងការបរទេស

តាមដានជាមួយយើង៖ Million Times