លោក ទៀ ស្យាម សហស្ថាបនិកក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក បានលើកឡើងពីការប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជា និងនៅថៃ ដែលមិនដូចគ្នាទេ។ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៦ ខែមីនានេះ លោក ទៀ ស្យាម បានឱ្យដឹងថា នៅកម្ពុជា ប្រេងដែលប្រើជាទូទៅមាន៖ ប្រេងសាំង 92, ប្រេងសាំង 95 និងប្រេងម៉ាស៊ូត (Diesel)។

ប៉ុន្តែនៅប្រទេសថៃ ភាគច្រើនគេប្រើប្រេងប្រភេទផ្សេងដូចជា៖ Gasohol 91, Gasohol 95, E20, E85, Diesel B7 / B20 ដោយប្រេងប្រភេទទាំងនេះ ខុសពីប្រេងដែលប្រើនៅកម្ពុជា ហើយតម្លៃក៏ខុសគ្នាផងដែរ។ ដូច្នេះហើយ ពេលខ្លះបងប្អូនជាច្រើនឃើញថា ប្រេងនៅថៃមើលទៅថោកជាង។

សហស្ថាបនិកក្រុមហ៊ុន ភីស បានបន្តលើកឡើងពីមូលហេតុដែលធ្វើឱ្យប្រេងនៅថៃថោកជាងនៅកម្ពុជា ពីព្រោះប្រេងប្រភេទ Gasohol ឬ Diesel B7 / B20 មានការលាយជាមួយសារធាតុផ្សេងៗ ដូចជា៖ Ethanol (សម្រាប់ Gasohol), Biodiesel (សម្រាប់ Diesel)។ លោកថា Ethanol អាចផលិតពីដំណាំដូចជា អំពៅ ឬ ដំឡូងមី ដូច្នេះវាមានថ្លៃដើមថោកជាងប្រេងសាំងធម្មតា ហើយអាចធ្វើឱ្យតម្លៃលក់ទាបជាងបាន។

ជាមួយគ្នានេះ លោក ទៀ ស្យាម បានបន្ថែមថា មូលដ្ឋានប្រេងនៅតែដូចគ្នា ប៉ុន្តែព្រោះមានការលាយ ethanol ចូលអាចធ្វើឱ្យការប្រើប្រាស់ប្រេងច្រើនជាងបន្តិច, រថយន្តចាស់ៗខ្លះអាចត្រូវការកែប្រែប្រព័ន្ធប្រេង។ ប៉ុន្តែបច្ចុប្បន្ននេះ រថយន្តសម័យថ្មីភាគច្រើនអាចប្រើប្រេងប្រភេទនេះ បានរួចហើយ។
ហេតុអ្វីបានជាកម្ពុជាមិនប្រើប្រេងបែបនេះ? លោក ទៀ ស្យាម បានពន្យល់ថា ការប្រើប្រេងប្រភេទនេះត្រូវការរចនាសម្ព័ន្ធជាច្រើន ដូចជា៖ រោងចក្រចម្រាញ់ប្រេង, ការផលិត Ethanol ក្នុងប្រទេស និងប្រព័ន្ធលាយប្រេងក្នុងបរិមាណធំ។
លោក ទៀ ស្យាម បានលើកឡើងទៀតថា តាមពិត តម្លៃប្រេងនៅកម្ពុជា មិនមែនថ្លៃជាងប្រទេសផ្សេងៗទេ ប៉ុន្តែប្រទេសខ្លះប្រើវិធី លាយ ethanol ឬ biodiesel ដើម្បីកាត់បន្ថយថ្លៃដើម។ ហើយនេះជាមូលហេតុដែលធ្វើឱ្យតម្លៃប្រេងរបស់ពួកគេមើលទៅថោកជាង៕
អត្ថបទ៖ វីរៈ រូបភាព៖ លោក ទៀ ស្យាម


