រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តឱ្យក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ដែលផលិតទឹកដោះគោក្រោមម៉ាកយីហោ «អង្គរមីល» ពង្រីកការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។

ការលើកទឹកចិត្តនេះ ស្របពេលដែលឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបតំណាងក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក នៅថ្ងៃទី១១ ខែកុម្ភៈនេះ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរក្រុមហ៊ុនដែលបានពង្រីកខ្លួន ជាក្រុមហ៊ុនក្នុងស្រុកដ៏សំខាន់មួយ សម្រាប់ផលិតផលទឹកដោះគោ ដែលបម្រើដល់ការប្រើប្រាស់ និងរួមចំណែកដល់ចំណូលពន្ធ។

ឯកឧត្តម បានបន្ថែមថា ទឹកដោះគោគឺជាទំនិញយុទ្ធសាស្ត្រ ហើយក្រសួងលើកទឹកចិត្តឱ្យក្រុមហ៊ុន ពិចារណាពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដើម្បីពង្រឹងភាពម្ចាស់ការរបស់កម្ពុជា លើទំនិញយុទ្ធសាស្ត្រ ទាំងនេះ ដោយក្រសួងត្រៀមផ្តល់ការគាំទ្រចាំបាច់នានា។
ចំណែកលោក កុយ សុវណ្ណ តំណាងផ្នែកលក់ និងទីផ្សារ បានលើកឡើងថា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ត្រូវបាន បង្កើតឡើងក្នុងឆ្នាំ២០១៥ ជាមួយទុនវិនិយោគដំបូង ១៥លានដុល្លារអាមេរិក។ បច្ចុប្បន្ន ក្រុមហ៊ុនបានបង្កើនទុនវិនិយោគរហូតដល់ ៧៥លានដុល្លារអាមេរិក។

លោកបន្តថា ក្រុមហ៊ុនមានបុគ្គលិកជាង ៦០០នាក់ ដែលកំពុងផលិត និងផ្គត់ផ្គង់ផលិតផលទឹកដោះគោសម្រាប់អតិថិជននៅទូទាំងប្រទេស ជាមួយបណ្តាញលក់រាយប្រមាណ ៥០,០០០កន្លែង និងបណ្តាញលក់អាជីវកម្មជាង ៦០០ទីតាំង។
តំណាងក្រុមហ៊ុនរូបនេះ ក៏បានបង្ហាញផែនការនាំយកខ្សែច្រវាក់ផលិតកម្ម សម្រាប់ផលិតទឹកដោះគោស្រស់ថ្មី ព្រមទាំងពង្រីកការចិញ្ចឹមគោយកទឹកដោះ និងកសិកម្មតាមកិច្ចសន្យា ជាមួយប្រជាពលរដ្ឋចិញ្ចឹមគោ ដែលរំពឹងថា នឹងបង្កើតការងារប្រមាណ ២០០កន្លែងបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងពង្រឹងកិច្ចសហការជាមួយក្រសួងលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ពិសេសផ្នែកវិទ្យាសាស្ត្រអាហារ ការអភិវឌ្ឍការវេចខ្ចប់ និងការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងឧស្សាហកម្ម


