កម្ពុជា-គុយបា ឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍គុយបា ឯកភាពចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។​ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Adalberto Venero Lemus អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា អមដំណើរដោយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-គុយបា ក្នុង​ឱកាសបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្តមអនុរដ្ឋមន្ត្រីទេសចរណ៍នៃសាធារណរដ្ឋគុយបា អំពីទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងគុយបាតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល៦៦ឆ្នាំ។

ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពនេះ ត្រូវបានពង្រឹងពង្រីកពូនជ្រុំដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរជាបន្តបន្ទាប់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសលើវិស័យទេសចរណ៍ដែលប្រទេសទំាងពីរសុទ្ធតែមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជននៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនៃជំនួបប្រកបដោយភាតរភាពនេះ ឯកឧត្តមអនុរដ្ឋមន្រ្តីទេសចរណ៍នៃសាធារណរដ្ឋគុយបា បានថ្លែងអំពីចំណាប់អារម្មណ៍លើការអភិវឌ្ឍលើគ្រប់វិស័យនៃប្រទេសកម្ពុជាក្នុងកំឡុងពេលទស្សនកិច្ចការងាររយៈពេល ២ ថ្ងៃកន្លងមក និងសូមថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ដែលបានជួយសម្របសម្រួលឱ្យមានជំនួបជាមួយសមាគមទេសចរណ៍កម្ពុជា ធំៗ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍គុយបា។

ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានជម្រាបជូនពីគោលបំណងចម្បងៗ នៃទស្សនកិច្ចការងារនៅកម្ពុជានាពេលនេះ រួមមានសំណើចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដែលគ្រោងនឹងធ្វើឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៃប្រទេសគុយបានាពេលខាងមុខ និងការរៀបចំ FAM Trip ទៅវិញមករវាងប្រទេសទាំងពីរ ដើម្បីសហការជម្រុញវិស័យទេសចរណ៍ ពិពិធកម្មសេដ្ឋកិច្ច និងទីផ្សារទេសចរណ៍ ស្របពេលដែលការធ្វើដំណើរទៅមករវាងប្រទេសទាំងពីរមានភាពងាយស្រួលតាមរយៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) ពីរាជធានីភ្នំពេញ និងរដ្ឋធានីឡាហាវ៉ាណា ដោយឆ្លងកាត់តាមទីក្រុងអ៊ីស្តាន់ប៊ុល នៃសាធារណរដ្ឋតួកគីយ៉េ៕