អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអំពាវនាវឱ្យផ្នែកឯកជនទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ចបង់ពន្ធស្របតាមច្បាប់ឱ្យបានត្រឹមត្រូវ។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងកម្មវិធីពន្ធដារកម្ពុជាឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា” កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាគារពន្ធដារ (GDT Tower)។

នៅក្នុងកម្មវិធីនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ការប្រព្រឹត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ការប្រកួតប្រជែងដោយយុត្តិធម៌ អភិបាលកិច្ចសាជីវកម្មល្អ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

អ្នកឧកញ៉ា បានបន្តថា ការអនុវត្តតាមកាតព្វកិច្ចពន្ធ មិនអាចកើតមានឡើងតាមរយៈការអនុវត្តច្បាប់តែប៉ុណ្ណោះទេ។ វាត្រូវបានកសាងឡើងតាមរយៈការជឿជាក់ និងការជឿជាក់នោះត្រូវបានបង្កើតឡើងនៅពេលដែលច្បាប់មានភាពច្បាស់លាស់ អនុវត្តយ៉ាងស្មើភាព និងមានប្រព័ន្ធគាំទ្រដែលដំណើរការបានប្រសើរ។

បន្ថែមលើនេះ អ្នកឧកញ៉ា បានអំពាវនាវឱ្យផ្នែកឯកជនទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ចបង់ពន្ធស្របតាមច្បាប់ឱ្យបានត្រឹមត្រូវ ដោយចាត់ទុកថា ពន្ធជាធនធានរួមដ៏សំខាន់ ដែលផ្តល់អំណាចដល់រដ្ឋក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរក្សាស្ថិរភាពជាតិរបស់ប្រទេសកម្ពុជា។

ក្នុងនោះដែរ អ្នកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានអំពាវនាវដល់អ្នកផ្តល់សេវាផ្នែកពន្ធ ក៏ត្រូវបន្តលើកកម្ពស់ភាពងាយស្រួល តម្លាភាព និងភាពជឿទុកចិត្ត ដល់វិស័យឯកជន ក្នុងដំណើរការបំពេញកាតព្វកិច្ចបង់ពន្ធផងដែរ។

នៅក្នុងឱកាសនោះដេរ ឯកឧត្តម គង់ វិបុល ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា វេទិកាពន្ធដារកម្ពុជា ដែលជាយន្តការថ្មីដើម្បីបំពេញបន្ថែមទៀតពីលើយន្តការ នៃកិច្ចសហការជាមួយវិស័យឯកជនដែលកំពុងអនុវត្តស្រាប់ គឺជាឱកាសល្អសម្រាប់ការបញ្ចេញមតិ និងផ្លាស់ប្តូរយោបល់ពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្នុងឱកាសដែលមានការចូលរួមពីភាគី ពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ, ទាំងវិស័យឯកជន, ទាំងតំណាងស្ថានទូតនិងកុងស៊ុល, និងទាំងដៃគូអភិវឌ្ឍនានា។

ឯកឧត្តម បានលើកឡើងថា ធាតុចូលដែលទទួលបានក្នុងកម្មវិធីនេះ មានតួនាទីយ៉ាងសំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការគិតគូររៀបចំគោលនយោបាយ សារពើពន្ធ និងជាមូលដ្ឋានសំខាន់ក្នុងការកំណត់ទិសដៅអនុវត្តបន្ត ជាពិសេសការបន្តខិតខំកែទម្រង់ ទាំងផ្នែករដ្ឋាភិបាល ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ និងបុព្វហេតុជាតិទាំងមូល៕
អត្ថបទ៖ វីរៈ រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា


