ARDB៖ រដ្ឋបញ្ចេញមូលនិធិ ៤០លានដុល្លារថែមទៀត ដើម្បីលើកស្ទួយផលិតផលកសិកម្ម

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារបន្ថែមទៀត ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល។

តាមដានជាមួយយើង៖ Million Times

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ARDB នៅថ្ងៃទី៨ ខែវិច្ឆិកានេះ បានលើកឡើងថា ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ, តម្លៃស្រូវ មានការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ ដោយសារតែស្តុកអង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ២០២៤ របស់ប្រទេសមួយចំនួន បន្តប្រើប្រាស់ក្នុងឆ្នាំ២០២៥ ដែលធ្វើឱ្យតម្រូវការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជា និងលើសកលលោកបន្តកើនឡើង។

ARDB បានបន្ថែមថា ឆ្លើយតបនឹងបញ្ហាធ្លាក់ថ្លៃនេះ, រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការរក្សាលំនឹងថ្លៃស្រូវ និងលំនឹងជីវភាពបងប្អូនប្រជាកសិករ ដោយចាត់វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ រួមទាំងការបញ្ចេញមូលនិធិ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ឥណទាន ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូជាមួយនឹងធនាគារ ARDB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីប្រមូលទិញស្រូវតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ។

ARDB បានបញ្ជាក់ថា ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ខាងមុខនេះ, រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារបន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃតូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម