សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងកាលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា រដូវប្រមូលផលស្វាយចន្ទីរបស់ប្រទេស តង់ហ្សានី (Tanzania) ដែលជាធម្មតាមានចាប់ពីខែតុលា ដល់ ខែមករា កំពុងប្រឈមមុខនឹងភាពរាំងស្ទះយ៉ាងធ្ងន់ធ្ងរនៅឆ្នាំនេះ ដោយសារអំពើហិង្សានយោបាយក្រោយការបោះឆ្នោតកំពុងវាយលុកប្រទេសនេះ។
អស្ថិរភាពនេះបានរារាំងឈ្មួញបរទេសមិនឱ្យចូលរួមក្នុងការដេញថ្លៃស្វាយចន្ទីរបស់ប្រទេសតង់ហ្សានី ដែលបង្កឱ្យមានផលប៉ះពាល់ដល់ទីផ្សារស្វាយចន្ទីសកល។
អវត្ដមាននៃអ្នកទិញបរទេស បានបង្កឱ្យមានកង្វះខាតការផ្គត់ផ្គង់ គ្រាប់ស្វាយចន្ទីឆៅ នៅក្នុងមជ្ឈមណ្ឌលកែច្នៃធំៗ ក្នុងប្រទេសវៀតណាម និងឥណ្ឌាជាដើម។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញកាតព្វកិច្ចនាំចេញរបស់ពួកគេ ក្រុមហ៊ុនកែច្នៃមួយចំនួនត្រូវបានបង្ខំឱ្យធានាទិញវត្ថុធាតុដើមក្នុងតម្លៃដែលបានកើនឡើង។
ភាពរអាក់រអួលនេះក៏បានផ្លាស់ប្តូរទិន្នន័យទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ជាធម្មតា តម្លៃស្វាយចន្ទីនៅកម្ពុជានឹងធ្លាក់ចុះចន្លោះពីខែកញ្ញា ដល់ ខែមករា ដ្បិតឈ្មួញងាកទៅចាប់អារម្មណ៍លើការប្រមូលផលនៅប្រទេសតង់ហ្សានី និងឥណ្ឌូនេស៊ី។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែតុលា ឆ្នាំ២០២៥ តម្លៃគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជាបានឡើងថ្លៃដល់ ២,០៥០ ដុល្លារក្នុងមួយតោន ដែលត្រូវបានជំរុញដោយបញ្ហាស្ទះការផ្គត់ផ្គង់នៅប្រទេសតង់ហ្សានី។

នៅទូទាំងទ្វីបអាហ្វ្រិក ឥណ្ឌា និងវៀតណាម កំពុងជាប់នៅក្នុងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាដើម្បីធានាការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅ។ បច្ចុប្បន្ន ឥណ្ឌាហាក់មានប្រៀបជាង ដោយសារតែទំនាក់ទំនងពាណិជ្ជកម្មយូរអង្វែងរបស់ខ្លួនជាមួយក្រុមហ៊ុនផលិតនៅអាហ្វ្រិកខាងលិច និងកិច្ចព្រមព្រៀងកសិកម្មតាមកិច្ចសន្យាដ៏រឹងមាំជាមួយកសិករក្នុងស្រុក។
ទន្ទឹមនឹងនេះ ឈ្មួញវៀតណាមនៅកម្ពុជាកំពុងផ្តល់តម្លៃខ្ពស់ជាងដៃគូឥណ្ឌារបស់ពួកគេ ដោយទាញយកអត្ថប្រយោជន៍ពី ភាពជិតខាងភូមិសាស្ត្រ និង ការដឹកជញ្ជូនមានតម្លៃទាបជាង ដើម្បីធានាការផ្គត់ផ្គង់។ ថ្វីបើមានបញ្ហាប្រឈមទាំងនេះក៏ដោយ អ្នកទិញឥណ្ឌាបានបង្កើនការទិញស្វាយចន្ទីរបស់ពួកគេគួរឱ្យកត់សម្គាល់នៅកម្ពុជា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលជាសញ្ញានៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សាជំហររបស់ពួកគេនៅក្នុងទីផ្សារសកល។
នៅពេលដែលវិបត្តិនយោបាយរបស់ប្រទេសតង់ហ្សានីនៅតែបន្ត លោក អួន ស៊ីឡុត ប្រធាន សសក និងជាអ្នកវិភាគឧស្សាហកម្មនេះបានព្រមានថា អស្ថិរភាពអូសបន្លាយអាចនឹងរឹតបន្តឹងការផ្គត់ផ្គង់ស្វាយចន្ទីសកលបន្ថែម និងរុញច្រានតម្លៃឱ្យឡើងខ្ពស់ថែមទៀតនៅប៉ុន្មានខែខាងមុខ៕
អត្ថបទ៖ ប៊ី


