ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ពិចារណាលើការហោះហើរត្រង់មកប្រទេសកម្ពុជា។

ការស្នើបែបនេះ ស្របពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ជួបពិភាក្សាការងារជាមួយលោកស្រី Helen Breen នាយិកាផ្នែកលក់របស់ក្រុមហ៊ុន Emirates Airline អំពីកិច្ចសហប្រតិបត្តិការជម្រុញការតភ្ជាប់តាមផ្លូវអាកាស និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅចក្រភពអង់គ្លេស។

នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តម ហួត ហាក់ បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកកម្ពុជាផ្ទាល់ ដោយសារបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានអាកាសយានដ្ឋានកម្រិត 4F គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗនេះ។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបង្ហាញដែរថា មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗ ដូចជា Turkish Airlines និង Etihad បានចាប់ផ្តើមជើងហោះហើរត្រង់មកកម្ពុជា រួចហើយដែរ។
បន្ថែមលើនេះ ឯកឧត្ដម ក៏បានអញ្ជើញលោកស្រី Helen Breen នាយិកាផ្នែកលក់របស់ក្រុមហ៊ុន Emirates Airline និងសហការី មកទស្សនកិច្ចនៅកម្ពុជា ជាពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពិនិត្យមើលស្ថានភាពចំនួនភ្ញៀវទេសចរជាក់ស្តែង និងសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា។

គួរឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានចំណាយទុនវិនិយោគសរុប ២ ៣០០លានដុល្លារអាមេរិក និងបានសាងសង់នៅលើផ្ទៃដីសរុប ទំហំ ២ ៦០០ហិកតា ដោយចំណាយពេលសាងសង់ជាង ៥ឆ្នាំ ដោយចាប់ផ្តើមនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ និងបញ្ចប់នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥។
អាកាសយានដ្ឋាននេះ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិ ដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែលអាចចុះចតបានដោយសុវត្ថិភាព៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងទេសចរណ៍


