មួយឆ្នាំៗ ក្រុមហ៊ុន ម៉ុង ឫទ្ធី ប្រមូលទិញកសិផលពីកសិករ ក្នុងទំហំទឹកប្រាក់ជាង ៤០លានដុល្លារ

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានប្រមូលទិញកសិផលសំខាន់ៗពីប្រជាកសិករ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៤០លានដុល្លារអាមេរិក ដោយកសិផលទាំងនោះត្រូវយកទៅកែច្នៃធ្វើជាចំណីសត្វ។ នេះបើតាមការឱ្យដឹងពីអ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។

តាមដានជាមួយយើង៖ Million Times

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៦ ខែវិច្ឆិកានេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានឱ្យដឹងថា តាំង​នាមអ្នកឧកញ៉ា​​ ជាអ្នកមាន​បទពិសោធ​ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​ កសិកម្ម​ កសិ-ឧស្សាហកម្ម​ អស់រយៈ​ពេល​ជាង​៣០ឆ្នាំ​កន្លមកហើយ​ រហូតមក​ដល់ពេល​បច្ចុប្បន្ន​នេះ ​ក៏នៅតែបន្ត​ប្រកប​មុខរបរ​នេះ​ដោយមិនបោះបង់​ បើទោះបីជា​ត្រូវ​ជួបឧបសគ្គ​តូចធំ​យ៉ាង​ណាក្ដី​ ចំពោះរឿង​កសិផល​ឡើងថ្លៃ​ចុះថ្លៃ​វាជារឿង​ធម្មតា​របស់​ពិភពលោក​នេះ​ទៅហើយ។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី​ បានបន្ថែមថា «យើងមិន​អាច​ស្តី​បន្ទោសបង្អាប់​បង្ខូចកេរ្ដិ៍ឈ្មោះ​អ្នកណាបានទេ​ បើ​ចំពោះ​រាជរដ្ឋាភិបាល​ ចង់ឱ្យតែ​ប្រជាជន​លក់កសិផល​បាន​តម្លៃ​ថ្លៃទេ​ និយាយដោយឡែកជាបន្តបន្ទាប់​រហូតមកដល់ពេល​បច្ចុប្បន្ន​នេះ​ ខ្ញុំ​បានជួយ​ប្រមូលទិញ​កសិផល​ដូចជាពោត​ ដំឡូងមី​ កន្ទក់​ ចុង​អង្ករ​ ពេលខ្លះ​ជួយទិញ​ស្រូវស្រាល​ យកមកិន​ជា​សម្រូប​ពី​កសិករ​យើង»។

អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដដែល បានបន្ថែមថា ក្រុមហ៊ុនរបស់ខ្លួន ត្រូវចំណាយប្រមាណជាង ​៤០លាន​ដុល្លារ​អាមេរិក​ជារៀងរាល់ឆ្នាំ​ ដើម្បីប្រមូលទិញកសិផលសំខាន់ៗពីប្រជាកសិករ សម្រាប់​យកទៅ​ចូលរោងចក្រ​កែច្នៃ​ធ្វើ​ជា​ចំណី​សត្វ​ ដោយមាន​សាយឡូ ​និងឃ្លាំង​សម្រាប់ស្តុក​គ្រាប់​ធញ្ញជាតិ​ប្រមាណ​១០០ ០០០សែនតោន​។

ក្នុងសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដដែលនេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី​ មា​ន​ចម្ងល់ជាខ្លាំង​ចំពោះ​អ្នក​យកលុយ​ជាច្រើន ​មក​ដាក់​តម្រៀប​ថត​បង្ហោះ​ហ្វេសប៊ុក​ថា នឹងយក​លុយនោះមក​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ តើពួកគាត់ធ្លាប់មាន​បទពិសោធ និងបច្ចេទេស​ លើមុខ​របរនេះ​ដែរឬអត់ទេ?​ ហើយគាត់មាន​ជា​មូលដ្ឋាន​គ្រឹះ​ ដូចជា​ឡសម្ងួត​ សាយឡូ​ ឃ្លាំង​ស្តុក​ ម៉ាស៊ីន​កិនស្រូវ​ និងមានទីផ្សារ​ នៅទីណា​?

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកអ្នកឧកញ៉ា ម៉ុង ឬទ្ធី​