ឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យក្រុមហ៊ុនអាមេរិក HP ពិចារណាបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យក្រុមហ៊ុនអាមេរិក HP (Hewlett-Packard) ដែលឈានមុខ​គេ​នៅក្នុងពិភពលោកក្នុងវិស័យបច្ចេកវិទ្យា​ព័ត៌មាន​ ពិចារណាបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ការស្នើនេះ ស្របពេលដែលឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាកាងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន HP កាលពីថ្ងៃទី៤ ខែវិច្ឆិកា នៅទីក្រុងវ៉ាស៊ីងតុន ឌីស៊ី សហរដ្ឋអាមេរិក ដោយជំនួបបានផ្តោតលើការផ្សារភ្ជាប់វិស័យបច្ចេកវិទ្យាកម្ពុជា ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់សកលរបស់ HP និងការជំរុញយុគសម័យឌីជីថលនៅកម្ពុជា។

នៅក្នុងជំនួបនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាលកម្ពុជា ​ក្នុង​ការ​ផ្តល់​នូវកញ្ចប់​លើកទឹកចិត្ត​ពិសេស សម្រាប់​ការវិនិយោគ​លើ​ការផលិត​គ្រឿង​បង្គុំ​អេឡិចត្រូនិក ការ​ដំឡើង​ផលិតផលបច្ចេកវិទ្យាព័ត៌មាន(IT) និង​ឧស្សាហកម្ម​ឌីជីថល ដែល​ជា​វិស័យ​អាទិភាព និងជាឯកទេស​របស់ HP។

ជាមួយនឹងកត្តាអំណោយផលជាច្រើនរបស់កម្ពុជា ដូចជាប្រជាជនដែលមានវ័យក្មេង ប្រជាជនដែលមាននិន្នាការខ្ពស់ក្នុងការចាប់យកបច្ចេកវិទ្យាថ្មីៗ និងមានភាពឆ្លាតវៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​ស្នើឱ្យ HP ពិនិត្យ​ពិចារណា​បង្កើត​មូលដ្ឋាន​ផលិតកម្ម​នៅ​កម្ពុជា ដើម្បី​ធ្វើពិពិធកម្ម​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់​ខ្លួន​ផងដែរ។

ជាការឆ្លើយតប ថ្នាក់ដឹកនាំ​ក្រុមហ៊ុន HP បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ខ្ពស់​ចំពោះ​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​កម្ពុជា កត្តាអំណោយផលរបស់កម្ពុជា និង​ការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាលកម្ពុជា ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យាឌីជីថល។ ក្រុមហ៊ុន​ បានយល់ស្របចំពោះគំនិត ដែលលើកឡើងថា ការ​ធ្វើពិពិធកម្ម​ទីតាំង​ផលិតកម្ម​ គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់។ 

ជំនួប​នេះ ​បាន​បើក​ទំព័រ​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា ​ក្នុង​ការ​ក្លាយជា​គោលដៅ​វិនិយោគ​ដ៏​ទាក់ទាញ​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​ពិភពលោក ដែល​អាច​ជួយ​លើកកម្ពស់​កម្រិត​ជីវភាព និង​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​តំបន់ ពិសេសគឺចូលរួមពន្លឿនគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល របស់កម្ពុជាផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្តម ស៊ុន ចាន់ថុល