អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានបង្ហាញការគាំទ្រចំពោះការណែនាំឲ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនឡើយ។ ប៉ុន្តែអ្នកជំនួញល្បីឈ្មោះរូបនេះ បានស្នើឲ្យអនុវត្តនៅបណ្ដារាជធានី-ខេត្តផ្សេងទៀត។
ការបង្ហាញគាំទ្រ និងស្នើបែបនេះ គឺបន្ទាប់ពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២១ ខែកក្កដា បានណែនាំឲ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនឡើយ លើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់ Millions times ថា ក្នុងនាមសភាពាណិជ្ជកម្ម លោកគាំទ្រការផ្ដល់អនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលឲ្យធនាគារជាតិនៃកម្ពុជា និងធនាគារពាណិជ្ជនៅខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនឡើយ។
អ្នកឧកញ៉ា លឹម ហេង ចាត់ទុកចំណាត់ការនេះជាការបង្កភាពងាយស្រួល ក្នុងការចរាចរណ៍សាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែអ្នកជំនួញចាស់វស្សារូបនេះ មានចម្ងល់ថា ហេតុអ្វីបានជាការទទួលយកប្រាក់ដុល្លារចាស់ ឬប្រឡាក់ ដោយមិនកាត់ទឹកនោះ អនុវត្តតែនៅក្នុងខេត្តសៀមរាប? ចុះអ្វីហេតុមិនព្រមអនុវត្តនៅបណ្ដារាជធានី-ខេត្តផ្សេងទៀត?
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងដែរថា កន្លងមក មានប្រជាពលរដ្ឋ និងអាជីវករជាច្រើននាក់ បាន ខាតបង់ថវិកាមួយចំនួន ដោយសារតែការដូរប្រាក់ដុល្លារចាស់ ឬប្រឡាក់។ «ឃើញថា កន្លងមកនេះ ប្រជាពលរដ្ឋ ទាំងអាជីវករ មានការខាតបង់ច្រើន ដែលគាត់ទទួលក្រដាសប្រាក់ដុល្លារនោះ ដែលមានប្រឡាក់ ឬមិនប្រយ័ត្នរហែកតិចតួចនោះ គឺធ្វើឲ្យគាត់ខាតបង់ថវិការបស់គាត់ តាមរយៈការដូរដោយគេកាត់អត្រា កាត់ភាគរយ ឬហៅថា កាត់ទឹក»។ នេះបើតាមអ្នកឧកញ៉ា លឹម ហេង ដដែល។
អ្នកឧកញ៉ារូបនេះ បន្ថែមដោយស្នើឲ្យមានការអនុវត្តជាទូទៅ សម្រាប់ការទទួលយកប្រាក់ដុល្លារចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវានេះ នៅរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជាតែម្ដង។ តែយ៉ាងណាក៏ដោយ បើតាមប្រភពព័ត៌មាន គឺបានបង្ហើបឲ្យដឹងថា ជាជំហានដំបូងការទទួលយកប្រាក់ដុល្លារចាស់ ឬប្រឡាក់ ដោយមិនទាម ទារកម្រៃសេវា គឺចាប់ផ្ដើមនៅខេត្តសៀមរាបសិន តែប្រសិនបើអនុវត្តនេះមិនប៉ះពាល់ដល់ចរន្តសាច់ប្រាក់ ឬក៏សេដ្ឋកិច្ចជាតិទេនោះ គឺនឹងអនុវត្តនៅបណ្ដារាជធានី-ខេត្ត ដែលមានសក្ដានុពលផ្សេងទៀត។
តាមរយៈសារព័ត៌មាន Millions times ដែរ អ្នកឧកញ៉ា លឹម ហេង ក៏បានលើកយោបល់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ គួរតែចេញសេចក្ដីណែនាំមួយ ដោយកំណត់ថា ការទូទាត់ប្រាក់ក្រោម ១០០ដុល្លារ ត្រូវទូទាត់ជាប្រាក់ រៀល ហើយលើសពី ១០០ដុល្លារឡើងទៅ អាចទូទាត់ជាប្រាក់ដុល្លារក៏បាន ប្រាក់រៀលក៏បាន ដែលនេះជាការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
ត្រង់ចំណុចនេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា «នេះជាផលចំណេញរបស់ប្រជាពលរដ្ឋខ្មែរយើង ចៀសវាងការយកដុល្លារមក ត្រូវបានគេកាត់ទឹក មិនថាតែក្រដាស ១០០ទេ ក្រដាស ១០ ក្រដាស ២០ ក្រដាស ៥០ក៏ដោយ បើសិនជាយើងជូនដំណឹងឲ្យគាត់ទូទាត់ជាប្រាក់រៀល ក្រោម ១០០ចុះ គាត់នឹងលែងយកហើយប្រាក់ដុល្លារ ដល់អញ្ចឹងវាជាការលើកតម្កើងនៃប្រាក់រៀលរបស់យើង»។
នៅក្នុងការណែនាំដដែល ធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់ថា ចំពោះករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំង ដែលគិតថា មិនគួរបន្តឲ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅ ក្នុងខេត្តសៀមរាប ត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មី នៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាល របស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញ នោះទេ៕
អត្ថបទ៖ វីរៈ រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា