ធនាគារជាតិនៃកម្ពុជា បានណែនាំឲ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន នោះឡើយ។
ការណែនាំនេះ បន្ទាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៨ ខែកក្កដាកន្លងទៅនេះ បានផ្ដល់អនុសាសន៍លើករណីក្រដាសប្រាក់បរទេសដាច់រហែក ឬមានស្នាមប្រឡាក់តិចតួច ដើម្បីជួយសម្រួលដល់ការខាតបង់របស់ភ្ញៀវទេសចរ និងអាជីវករ នៅខេត្តសៀមរាប។
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២១ ខែកក្កដា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកដំណោះស្រាយរួមគ្នា ទៅលើការសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប។
នៅក្នុងកិច្ចប្រជុំនេះ លោកស្រី ជា សិរី បានសាកសួរតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពីគោលការណ៍នានារបស់គ្រឹះស្ថាននីមួយៗ ពាក់ព័ន្ធនឹងប្រតិបត្តិការ ពិនិត្យនិងទទួលយកប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ទក់ រហែក និងបានជំរុញលើកទឹកចិត្តឲ្យតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលើកឡើងពីបទពិសោធន៍ បញ្ហាប្រឈម ក៏ដូចជាការលំបាកជាក់ស្តែងនានា ដែលគ្រឹះស្ថានបានជួបប្រទះពាក់ព័ន្ធនឹងប្រតិបត្តិការ ទទួលប្រាក់ដុល្លារអាមេរិកពីអតិថិជន។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវយន្តការបន្ទាន់ចំនួន ដែលនឹងត្រូវអនុវត្តនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤តទៅ។ យន្ដការទាំងនោះ រួមមាន៖ ១. តម្រូវឲ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ។
២. ក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំង ដែលគិតថា មិនគួរបន្តឲ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅ ក្នុងខេត្តសៀមរាប ត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មី នៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាល របស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញ នោះទេ។
៣. តម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាប ដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារអាមេរិក និង ៥០ ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១០០ដុល្លារអាមរិក នៅក្នុងម៉ាស៊ីនដកប្រាក់ (ATMs) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ។ ដោយឡែក ការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់ គឺនៅទទួលគ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក។
៤. រៀបចំផ្សព្វផ្សាយទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន ដើម្បីឲ្យបានយល់កាន់តែច្បាស់និង គាំទ្រចំពោះវិធានការដែលបានដាក់ចេញខាងលើ និងត្រៀមសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការអនុ វត្តយន្តការបន្តទៀត៕
អត្ថបទ៖ វីរៈ រូបភាព៖ ធនាគារជាតិនៃកម្ពុជា